ហាណូយ ៖ លោកនាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី​៧ សីហា​នេះ​ថា ហានិភ័យ នៃ​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស គឺ​នៅ​តែ​“​ខ្ពស់​”​នៅឡើយ បន្ទាប់​ពី​ការ​ផ្ទុះ​រលក​ថ្មី នៃ​ការ​ចម្លង​ក្នុង​សហគមន៍​នៅ​កណ្តាល​ក្រុង​ដា​ណា​ង​កាលពី​ថ្ងៃ​ទី ២៥ ខែកក្កដា ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc បានអោយ​ដឹង​ថា “​ហានិភ័យ​នៃ​ការ​ឆ្លង​សហគមន៍​គឺ​ខ្ពស់​ខ្លាំង​ណាស់ ដែល​ទាមទារ​ឱ្យ​មានការ​ប្តេជ្ញា​ចិត្ត សាមគ្គីភាព និង​ការ​ទទួលខុសត្រូវ​បន្ថែម​ទៀត ទាំងអស់​គ្នា ដើម្បី​ចាត់វិធានការ​ខ្លាំងក្លា និង​រឹង​មាំ​ជាង​នេះ ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ខាង​មុខ​នេះ​” ។

ប្រទេស​វៀតណាម បាន​រាយការណ៍​ពី​ការ​ឆ្លង​ថ្មី​ចំនួន ៣៧​ករណី​បន្ថែម​ទៀត នៅ​ពី​ថ្ងៃ​សុក្រ នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់ ៧៨៤​នាក់​ហើយ និង​មាន​អ្នក​ស្លាប់​ចំនួន ១០​នាក់ ។

អាជ្ញាធរ​ដា​ណា​ង​បាន​បញ្ជាក់​ថា មាន​ជាង ២០០​ករណី ចាប់តាំងពី​វីរុស​លេចឡើង​នៅ​ទីនោះ តែ​ស្ថានភាព​នៅ​ដា​ណា​ង​ពេល​នេះ កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ទាំងស្រុង ។ ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះ ទំនងជា​នឹង​ឈាន​ដល់​កម្រិត​កំពូល​ក្នុង​រយៈពេល ១០​ថ្ងៃ​ខាង​មុខ​ទៀត ។ ពហុ​កីឡដ្ឋាន​កីឡា​មួយ ត្រូវ​បាន​ប្តូរ​ទៅ​ជា​មន្ទីរពេទ្យ​បណ្តោះអាសន្ន ដែល​មាន​គ្រែ ១,០០០ ត្រៀម​ប្រើប្រាស់ ប្រសិនបើ​មន្ទីរពេទ្យ​រដ្ឋ គ្របដណ្ដប់​ពេញ​ទៅ​ដោយ​អ្នកជំងឺ​កូ​វី​ដ​-១៩ ដែល​នេះ​វា​អាច​នឹង​កើត​មាន ។

នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​និយាយ​ថា ការ​ធ្វើតេស្ត​លឿន និង​ត្រឹមត្រូវ គឺជា​គន្លឹះ​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នេះ ខណៈ​ដែល​អាជ្ញាធរ​ក្រុង​ហាណូយ បាន​ចាប់ផ្តើម​ធ្វើតេស្ត​ឡើង​វិញ នូវ​មនុស្ស​រាប់​ពាន់​នាក់ ដែល​បាន​វិល​ត្រឡប់​មក​ពី​ក្រុង​ដា​ណា​ង​វិញ ៕