ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហាញ​ការ​ហាមឃាត់​ជា​ផ្លូវការ​លើ​កម្មវិធី​ផ្ញើ​សារ WeChat និង​កម្មវិធី​ចែករំលែក​វី​ដេ​អូ Tik Tok របស់​ចិន​ដែល​ការ​ហាមឃាត់​នេះ​កាន់តែ​ធ្វើ​ឲ្យ​អា​មេ​រិ​ក និង​ចិន​ប្រឈម​មុខ​ដាក់​គ្នា​ជុំវិញ​អនាគត​ឧស្សាហកម្ម​បច្ចេកវិទ្យា​ពិភពលោក ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២០ នេះ ។

បទបញ្ជា​ប្រតិបត្តិ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៧ ខែសីហា និង​មាន​ប្រសិទ្ធិ​ភាព​ក្នុង​រយៈពេល​៤៥​ថ្ងៃ​គឺ​បន្ទាប់​ពី​រដ្ឋបាល​របស់​លោក ដូ​ណា​ល់ ត្រាំ នៅ​ស​ប្តា​ហ៍​នេះ​បាន​បង្ហាញ​ការ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​លុប​ចោល​នូវ​កម្មវិធី​ចិន​ដែល​មិន​គួរ​ទុកចិត្ត​ពី​បណ្តាញ​ឌី​ជី​ថ​ល​របស់​សហរដ្ឋអាមេរិក​ដោយ​ក្នុង​នោះ​រួម​មាន WeChat និង TikTok ដ៏​ពេញ​និយម​របស់​ក្រុមហ៊ុន​ចិន Bytedance ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វេន បាន​ប្រាប់​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​សុក្រ​ថា ៖«​ប្រទេស​ចិន​ប្រឆាំង​ដាច់ខាត​នឹង​បទបញ្ជា​ប្រតិបត្តិ​នេះ ហើយនឹង​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​អាជីវកម្ម​ចិន​» ។

Tik Tok បាន​រង​នូវ​ការ​ចោទប្រកាន់​ពី​សំណាក់​សមាជិក​សភា​សហរដ្ឋអាមេរិក​ជុំវិញ​ការ​ព្រួយបារម្ភ​អំពី​ផ្នែក​សន្តិសុខ​ជាតិ​ដែល​អាច​ប្រមូល​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ ដែល​ធ្វើ​ឲ្យ​ទីក្រុង​វ៉ា​ស៊ី​ន​តោន និង​ទីក្រុង​ប៉េ​កាំ​ង​កាន់តែ​កើន​កំ​ដៅ ។

សារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃអាទិត្យ​បាន​រាយការណ៍​ថា លោក ដូ​ណា​ល់ ត្រាំ បាន​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន Microsoft Corp រយៈពេល​៤៥​ថ្ងៃ ដើម្បី​ទិញ​យក​ក្រុមហ៊ុន Tik Tok នៅ​សហរដ្ឋអាមេរិក ។

ការ​ហាមឃាត់​របស់​សហរដ្ឋអាមេរិក​លើ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Tencent ដែល​ជា​ក្រុមហ៊ុន​អ៊ី​ន​ធើ​ណេ​ត​ធំ​ជាងគេ​បង្អស់​នៅ​លើ​ពិភពលោក បង្ហាញ​ពី​ការ​ប្រេះស្រាំ​បន្ថែម​ទៀត​នៃ​អ៊ិ​ន​ធើ​ណេ​ត​ពិភពលោក និង​ការ​ផ្តាច់ទំនាក់ទំនង​យូរអង្វែង​រវាង​ឧស្សាហកម្ម​បច្ចេកវិទ្យា​នៅ​សហរដ្ឋអាមេរិក និង​ចិន ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង