ភ្នំពេញ៖ យោងតាមច្បាប់ស្ដីពីគយ នឹងអនុលោមតាមគោលការណ៌សម្រេចរបស់រដ្ឋាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសជូនដំណឹង និងអញ្ជើញជាលើកចុងក្រោយដល់ម្ចាស់យានយន្ដ នឹងម្ចាស់ទំនិញគេចពន្ធទាំងអស់ដែលត្រូវបានបង្រ្កាប និងរក្សាទុកបណ្ដោះអាសន្នដោយរដ្ឋបាលគយសូមចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធអាករ ដែលត្រូវពិន័យតាមច្បាប់ និងបទបញ្ញត្តិជាធរមាន ក្នុងរយៈពេលមិនលើសពី៦០ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០។

 

យ៉ាងណាមិញកាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ មន្ត្រីគយថ្លែងថា នៅក្នុងខេត្តព្រះសីហនុមានរថយន្តអត់ពន្ធជិត៣០០គ្រឿងនិងទំនិញចម្រុះមួយចំនួនទៀត អគ្គនាយកដ្ឋានគយនិងរដ្ឋាករ នឹងដាក់លក់ដោយដេញថ្លៃ បង់ចូលថវិកាជាតិ ក្នុងករណីម្ចាស់មិនចូលទៅដោះស្រាយបង់ប្រាក់ពន្ធតាមពេលវេលាដែលបានកំណត់ ដែលគិតមកត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះ នៅសល់រយៈពេលមួយខែទៀតតែប៉ុណ្ណោះ ក្នុងនោះផុតកំណត់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ៕