រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ ស្តីពីផ្តល់ប្រាក់ឧបត្ថម្ភ៥ម៉ឺនរៀល ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំជូន ទោស័ក ពុទ្ធសករាជ ២៥៦៤។

ក្នុងអនុក្រឹត្យរបស់សម្តេច បានបញ្ជាក់ថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ ត្រូវអនុវត្តឱ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ និងត្រូវគោរពគោលការណ៍ដូចខាងក្រោម៖

១- ការបើកផ្តល់ប្រាក់ឧបត្ថម្ភ ត្រូវអនុវត្តតាមគណនីបៀវត្សរបស់សាមីជន ឬគ្រួសារជនពលី និងគ្រួសារជនមរណៈ ជាអតីតយុទ្ធជន។
២- ក្រសួង ស្ថាប័ន និងអង្គភាពដែលមិនទាន់បានបើកគណនីបៀវត្សសម្រាប់មន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួន ត្រូវចាត់ចែងការបើកផ្តល់ប្រាក់ឧបត្ថម្ភ ឱ្យបានដល់សាមីជន ម្នាក់ៗគ្រប់ចំនួន និងទាន់ពេលវេលា។

៣- និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយុទ្ធពលខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា ដែលកំពុងបំពេញការងារជាមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្ដែត សមាជិក ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ ឬសមាជិកភូមិ ត្រូវទទួលប្រាក់ឧបត្ថម្ភតែមួយកន្លែង ដែលចាត់ចែងបើកផ្តល់ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

៤- ក្រសួង ស្ថាប័ន ត្រូវទទួលខុសត្រូវក្នុងការពិនិត្យផ្ទៀងផ្ទាត់ រៀបចំសំណើ និងធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ដោយមិនរាប់បញ្ចូលមុខសញ្ញានិវត្តជន ក្នុងចំណុច៣ខាងលើ៕