រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៥ ខែសីហា សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​ផ្អាក​ដំណើ​ការ​ផលិត​របស់​សិប្បកម្ម​ផលិត​ប្រហិត​មួយ​កន្លែង​យីហោ លី​ហួង ស្ថិត​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តម្រូវ​ឱ្យ​ម្ចាស់​ទីតាំង​ចូលខ្លួន​ទៅ​បំភ្លឺ ។

ការ​ចុះ​ផ្អាក​សិប្បកម្ម​ខាងលើ​នេះ គឺ​បន្ទាប់​ពី​មន្ត្រី​ជំនាញ រក​ឃើញ​ថា ការ​ផលិត​គ្មាន​អនាម័យ និង​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ចេញពី​ក្រសួងពាណិជ្ជកម្ម ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។ ម្ចាស់​ទីតាំង​សិប្បកម្ម​នេះ​ឈ្មោះ ព្រៃ សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ទេ ។

សមត្ថកិច្ច បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ឱ្យ​ដឹង​ថា សិប្បកម្ម​ផលិត​ប្រហិត​មួយ​នេះ ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា ពុំ​មាន​លិខិតអនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម​ឡើយ ហើយ​បាន​លើក​ស្លាក​យីហោ​ខុស​ពី​លិខិតបញ្ជាក់ ជា​ពិសេស​ទៀត​នោះ គឺ​សង្វា​ក់​ផលិតកម្ម​អត់​មាន​អនាម័យ រីឯ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ហួស​សុពលភាព​។ មិនតែប៉ុណ្ណោះ​ចំពោះ ផលិតផល​ប្រហិត​ដែល​កំពុង​ផលិត​នោះ គឺ​មានការ​ខុស​ពី​ផលិតផល​ដែល​បាន​ស្នើ​សុំ​ចុះបញ្ជី​ផលិតផល (​ចប​ផ​) ហើយ​ផលិតផល​សរុប​ចំនួន​៨​ប្រភេទ ពុំ​បាន​បិទ (​ច​.​ប​.​ផ​) លើ​សំបក​វិច​ខ្ចប់​ឡើយ ។

ក្រោយ​ពី​ការ​ពិនិត្យ​រួច កម្លាំង​សម្រេច​បិទ​ផ្អាក​ដំណើរការ​ផលិត​ជា​បណ្ដោះអាសន្ន និង​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ចូលខ្លួន​ទៅ​បំភ្លឺ​មុខ​សមត្ថកិច្ច​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) ហើយ​កម្លាំង​ដកហូត​យក​សំណាក​ផ្សេង​ៗ ទៅ​ដើម្បី​ធ្វើការ​ពិនិត្យ និង​ពិសោធន៍​នៅ​ការិយាល័យ (​គ​ប​ផ​ក​)៕