យោង​តាម​កាសែត Mid Day ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បុ​ម​បៃ​បាន​ឲ្យ​ដឹង​ថា តារា​សម្តែង​ដ៏​ល្បី​ប្រចាំ​ប្រទេស​ឥណ្ឌា​លោក Sameer Sharma ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ជាយ​ភាគ​ខាងលិច​ក្រុង​ម៉ា​ឡា​ដ​ដោយ​សង្ស័យ​លោក​សម្លាប់​ខ្លួន ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២០ នេះ ។

តាម​ប្រភព​សារព័ត៌មាន Mid Day បាន​ដកស្រង់​សំដី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា តារា​សម្តែង​ឥណ្ឌា​លោក Sameer Sharma បាន​ធ្វើ​អត្តឃាត​នៅ​ឯ​គេហដ្ឋាន​របស់​គាត់​ក្នុង​ក្រុង​ម៉ា​ឡា​ដ នៅ​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា ។ សព​របស់​តារា​សម្តែង អាយុ​៤៤​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​អ្នកយាម​ម្នាក់​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​ពី​ពិ​ដាន​ផ្ទះបាយ​ក្នុងផ្ទះ​ល្វែង​របស់​គាត់ ។ ប៉ូលិស​និយាយ​ថា Sharma បាន​ស្លាប់​យ៉ាង​ហោច​ណាស់​ពីរ​ថ្ងៃ​ហើយដោយ​មិន​បាន​ទុក​ដាន​សម្គាល់​អ្វី​នោះ​ទេ ។

តាម​ប្រភព​អធិការ​ជាន់ខ្ពស់​លោក George Fernandez បាន​និយាយ​ថា ៖«​ករណី​នៃ​ការ​ស្លាប់​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ ហើយ​សព​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​កោសល្យវិច័យ​» ។

អ្នក​និយម​លេង​អ៊ី​ន​ធើ​ណេ​ត និង​អ្នកគាំទ្រ​តារា​ប្រុស​រូប​នេះ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្រោយ​ពី​ទទួល​ដំណឹង​ថា លោក Sameer Sharma ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​ដូច​តារាភាពយន្ត​បូ​លី​វូ​ដ Sushant Singh Rajput ៕

ប្រភព ៖ Sputnik , ដោយ ៖ សំណាង