រាជធានីភ្នំពេញ ៖ នៅលើកំណត់ផ្លូវ OCIC ត្រង់ចំណុចខាងត្បូងវិមានអាហារប្រហែល៥០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា មានប្រេងម៉ាស៊ីនកំពប់លើផ្លូវ បណ្តាលឲ្យម៉ូតូអ្នកដំណើរចំនួន៥គ្រឿង បានរអិលដួលជាបន្តបន្ទាប់ និងស្រ្តី២នាក់បានរងរបួស កាលពីវេលាម៉ោង១និង០០នាទី រសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ។

ក្រុមគ្រួសារស្រី្តរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់បានបើកម៉ូតូធ្វើដំណើរតាមរង្វង់មូលតាព្រហ្ម បណ្ដោយផ្លូវ OCIC ខាងត្បូងវិមានអាហារបន្តិច ក៏ឃើញផ្លូវសើម តែមិនបានចាប់អារម្មណ៍ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរអិលដួលតែម្តង បណ្ដាលឲ្យរបួសរលាត់ដៃរលាត់ជើង និងជង្គង់ ហើយម៉ូតូដែលជិះមកតាមក្រោយ ដួលជាបន្តបន្ទាប់គ្នា សរុបទាំងអស់ចំនួន៥គ្រឿងទៀត ប៉ុន្តែម្ចាស់ម៉ូតូទាំងនោះមិនរងរបួសឡើយ ហើយបានលើកម៉ូតូជិះបន្តដំណើរទៅបាត់ ។

ក្រោយពេលកើតហេតុ ប្រហែលជាកន្លះម៉ោងឃើញមានរថយន្តទីក្រុងជ្រោយចង្វា បានមកបាញ់ទឹកលាងសំអាតផ្លូវ ដើម្បីកុំឱ្យរអិលទៀត ។ ចំណែក ស្រី្តរងគ្រោះទាំង២នាក់ ត្រូវក្រុមគ្រួសារចាត់ចែងបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ៕

ដោយ៖ សុភាព២