រដ្ឋបាលខេត្ត Nusa Tenggara ខាងកើតរបស់ប្រទេសឥណ្ឌូនេស៊ី នឹងកំណត់ចំនួនភ្ញៀវទេសចរ ទៅកាន់កោះ Komodo ដល់ចំនួន ៥ ម៉ឺននាក់ក្នុងមួយឆ្នាំ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វនាគ Komodo ដែលជាប្រភេទសត្វរស់នៅធំជាងគេបំផុតនៅលើពិភពលោកដែលមានតែនៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ។ កោះ Komodo នឹងត្រូវបានកំណត់ជាកោះអភិរក្ស។

លោក Viktor Laiskodat អភិបាលខេត្តត្រូវបានដកស្រង់សម្តីដោយ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Antara ដែលបាននិយាយថាយើងនឹងកំណត់ចំនួនភ្ញៀវទេសចរ មិនឱ្យមានច្រើនជាង ៥០,០០០ នាក់ក្នុងមួយឆ្នាំ។

កាលពីខែកក្កដាឆ្នាំមុន លោកប្រធានាធិបតី Joko Widodo បានលើកឡើងក្នុងដំណើរបំពេញទស្សនកិច្ចនៅរមណីយដ្ឋានទេសចរណ៍ Labuan Bajo របស់ខេត្តថា គួរតែមានដែនកំណត់សំរាប់អ្នកទេសចរនៅលើកោះនេះ ដែលអ្នកឈប់សម្រាកវិស្សមកាលជាង ១៧ ម៉ឺននាក់ បានទៅលេងឧទ្យានជាតិក្នុងឆ្នាំ ២០១៨ ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានអោយដឹងថា សត្វនាគ Komodo ចំនួនជាង ២,៨០០ ក្បាល បច្ចុប្បន្នរស់នៅក្នុងឧទ្យានជាតិ Komodo។