ទីក្រុង​បេ​រូត ៖ ការ​ផ្ទុះ​ដ៏​ខ្លាំងក្លា​មួយរញ្ជួយ​កម្ទេច​តំបន់​កំពង់​ផែ​នៃ​រដ្ឋធានី​បេ​រូត កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០២០ ។ នាយក​រដ្ឋមន្ត្រី​លី​បង់ បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន រយៈពេល​០២​ស​ប្ដា​ហ៍ ជាមួយ​គ្នា​នោះ​ដែរ​ប្រធានាធិបតី​លី​បង់ បាន​បញ្ចេញ​កញ្ចប់​ថវិកា​សង្គ្រោះ​បន្ទាន់​ចំនួន ៦៦​លាន​ដុល្លារ ។

គិតត្រឹមព្រឹកថ្ងៃទី៦ សីហានេះ ចំនួន​អ្នក​ស្លាប់បាន​កើនឡើង​ដល់ ១៣៥នាក់ ដោយ​មាន​មនុស្ស​ប្រមាណ ៥.០០០នាក់​ទៀត បានរង​របួស​ និង​រាប់​សិប​នាក់​ទៀត​កំពុង​បាត់​ខ្លួន ​។

ជាតិ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត ចំនួន ២.៧៥០ តោន ដែល​ជា​សារធាតុ​គីមី បាន​ស្តុក​ក្នុង​កំពង់​ផែ ក្នុង​រដ្ឋធានី​បូ​រុត រយៈពេល​៦​ឆ្នាំ​មក​ហើយ ។

អភិបាលក្រុង​បេ​រូត លោក Marwan Abboud បានឱ្យ​ដឹង​ថា ប្រជាជន​លី​បង់ រហូត​ដល់​ទៅ ៣០០,០០០​នាក់ បាន​បាត់បង់​ផ្ទះសម្បែង​របស់​ពួក​គេ ។

ប្រទេស​លី​បង់ ដែល​មាន​ប្រជាជន​សរុប​ជាង ៦.៨​លាន​នាក់ ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​កាន់ទុក្ខ រយៈពេល​០៣​ថ្ងៃ គិត​ចាប់តាំងពី​ថ្ងៃ​ពុធ​ម្សិលមិញ ខណៈ​រដ្ឋាភិបាល​ប្រទេស​នេះ ក៏​បាន​ប្រកាស​រក​ជំនួយ​ពី​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត ដូច​ជា បារាំង រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក ជាដើម ៕