បរទេស៖ បន្ទាប់ពីបានជួបរលកទី ២​ នៃរោគរាតត្បាតកូវីដ១៩ កាលពីថ្ងៃទី ៣១ ខែកក្កដា អជ្ញាធរក្រុងដាណាង បានជ្រើសរើសពហុកីឡាដ្ឋាន Tien Son Sports Palace សម្រាប់ធ្វើជាមន្ទីរពេទ្យបណ្ដោះអាសន្នផ្ទុកអ្នកជំងឺកូវីដ ។

ឥឡូវនេះមន្ទីរពេទ្យ Tien Son​ ត្រូវបានបញ្ចប់ការសាងសង់ហើយ ដោយប្រទេសវៀតណាម បានចំណាយពេលត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក្នុងការសាងសង់ នឹងរៀបចំកន្លែងដាក់ឲ្យអ្នកជំងឺស្នាក់នៅ។

មន្ទីរពេទ្យវាល Tien Son​ ត្រូវបានសាងសង់ឡើងដោយឈរលើមូលដ្ឋានចាំបាច់នៃពហុកីឡាដ្ឋាន Tien Son Sports Palace នៅស្រុកហាយចូវ។ នេះគឺជាគំរោងដែលមានការវិនិយោគល្អមានហេដ្ឋារចនាសម្ព័ន្ធល្អ​​ និងដាច់ឆ្ងាយពីតំបន់លំនៅដ្ឋាន។

ពហុកីឡាដ្ឋានខាងលើនេះ មានផ្ទៃទំហំ ២,៤០០ ម៉ែត្រការ៉េ ដែលតាមការព្យាករណ៍បានឲ្យដឹងថា អាចដំឡើងគ្រែអ្នកជំងឺបាន ២,០០០គ្រឿង ស្មើរនឹង ២,០០០នាក់។ហើយគេបានបញ្ជាក់ទៀតថា គ្រែចំនួន១៣០០ អាចនឹងត្រូវបន្ថែមទៀតបើសិនករណីឆ្លងនៅតែកើនឡើង។​ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងបាននិយាយថា មជ្ឈមណ្ឌលកីឡានេះអាចផ្ទុកមនុស្សបានប្រហែល៦ ០០០នាក់ ក្នុងពេលតែមួយ។

ការរចនាមន្ទីរពេទ្យត្រូវបានរៀបចំឡើងដោយស៊ុមដែក និងប៉ាស្ទ័រ។ បន្ទប់នីមួយៗមានគ្រែ២ ធ្នើ​ ផ្ទុកសំរាម១ និងកង្ហារ ១ ។ សម្រាប់អ្នកជំងឺធ្ងន់ធ្ងរបន្ទប់នីមួយៗ​ មានតែគ្រែ ១ប៉ុណ្ណោះ។

មន្ទីរសុខាភិបាលដាណាង បានចាត់តាំងវេជ្ជបណ្ឌិត ត្រឹន ថាញ់ធូ អនុប្រធានមន្ទីរសុខាភិបាលជាប្រធានមន្ទីរពេទ្យ​ Tien Son។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហា ឆ្នាំ២០២០ ប្រទេសវៀតណាម បានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន៧១៧នាក់ ខណៈអ្នកត្រូវបានព្យាបាលជាសះស្បើយមានចំនួន៣៨១នាក់ ហើយអ្នកស្លាប់បានកើនដល់៩នាក់ ៕