ទីក្រុងប៉ីជិង ៖ ប្រទេស​ចិន​បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​អង្គា​រថា នឹង​សងសឹក​ប្រសិនបើ​សហរដ្ឋអាមេរិក​នៅ​តែ​មាន​សកម្មភាព​ធ្វើទុក្ខបុកម្នេញ​អ្នកកាសែត​ចិន​ដែល​អាច​ជា​ការ​បង្ខំ​ពួក​គេ​ឲ្យ​ចាក​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​ខាង​មុខ​ដោយ​មិន​បន្ត​ទិដ្ឋាការ​ឲ្យ​អ្នកកាសែត​របស់​ចិន ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២០ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក វ៉ាង វេន​ប៊ី​ន (Wang Wenbin) បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃមួយ​ថា គ្មាន​អ្នកកាសែត​ចិន​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​ផ្តល់​ការ​ពន្យារពេល​ទិដ្ឋាការ​នៅ​សហរដ្ឋអាមេរិក​ចាប់តាំងពី​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២០ ដោយ​បាន​កំណត់​ការ​ស្នាក់​នៅ​របស់​ពួក​គេ​ត្រឹម​៩០​ថ្ងៃ​ដោយ​គ្មាន​ការ​បន្ត​ទិដ្ឋាការ ។

លោក វ៉ាង បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ៖ «​សហរដ្ឋអាមេរិក​បាន និង​កំពុង​បង្កើន​សកម្មភាព​របស់​ខ្លួន​ប្រឆាំង​នឹង​អ្នកកាសែត​របស់​ចិន ។ សហរដ្ឋអាមេរិក​គួរតែ​កែតម្រូវ​កំហុស​របស់​ខ្លួន​ជា​បន្ទាន់ និង​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​»​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូប​នេះ​បាន​មាន​បន្ត​ថា ៖«​ប្រសិនបើ​សហរដ្ឋអាមេរិក​នៅ​តែ​បន្ត ប្រទេស​ចិន​នឹង​ទទួលយក​នូវ​ការ​ឆ្លើយ​តប​ចាំបាច់ និង​ស្របច្បាប់​ដើម្បី​ការពារ​សិទ្ធិ​របស់​ខ្លួន​» ។

លោក វ៉ាង វេន​ប៊ី​ន មិន​បាន​បញ្ជាក់​ទេ​ថា តើ​អ្នកកាសែត​ចិន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​រង​ផល​ប៉ះពាល់ និង​ការ​សងសឹក​របស់​ប្រទេស​ចិន​ទៅ​លើ​សហរដ្ឋអាមេរិក​វិញ​ដោយ​របៀប​ណា​នោះ​ទេ ប៉ុន្តែ​និពន្ធ​នាយក​នៃ​កាសែត Global Times របស់​ចិន​បាន​និយាយ​ថា អ្នកកាសែត​សហរដ្ឋអាមេរិក​ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង​នឹង​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​ចិន​បង្ខំ​ឲ្យ​ចាកចេញ​វិញ​ដូច​គ្នា ។

សូម​បញ្ជាក់​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​អា​មេ​រិ​ក​-​ចិន​កាន់តែ​យ៉ាប់យ៉ឺន​យ៉ាង​ខ្លាំង​ឡើង​ៗ​នា​ពេល​ថ្មី​ៗ​នេះ​ដោយសារ​បញ្ហា​ផ្សេង​ៗ​រួម​មាន​សង្គ្រាម​ពាណិជ្ជកម្ម និង​ការ​ផ្ទុះ​ជំងឺ​រាតត្បាត Covid-19 បាន​ផ្លាស់​ប្តូរ​សកម្មភាព​រាប់​ពាន់​ដែល​ពាក់ព័ន្ធ​នឹង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ។

សហរដ្ឋអាមេរិក​កាលពី​ខែមីនា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​បាន​កាត់​បន្ថយ​ចំនួន​ជនជាតិ​ចិន​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​នៅ​ការិយាល័យ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​សហរដ្ឋអាមេរិក​ពី​១០០​នាក់​ទៅ​១៦០​នាក់ ។ ជា​ការ​ឆ្លើយ​តប ប្រទេស​ចិន​ក៏​បាន​បណ្តេញ​អ្នកកាសែត​អា​មេ​រិ​ក​ដែល​ធ្វើការ​ឲ្យ​កាសែត​អា​មេ​រិ​ក​ចំនួន​៣ក្នុងប្រទេសចិនរួមមាន​កាសែត​ញូ​វ​យ៉​ក ថែម​ស៍​, កាសែត វ៉​ល​ស្ទ្រី​ត និង​កាសែត វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍ វិញ​ដូច​គ្នា ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង