ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន ៖ ក្នុងខែសីហា ឆ្នាំ១៩៤៩ ហូ ជីមិញ បានថ្លែងប្រាប់អ្នកកាសែតអាមេរិកម្នាក់ថា ឥឡូវនេះយើងបានសម្រេចប្ដូរយុទ្ធសាស្ត្រថ្មីហើយ ។ យើងចាប់ផ្ដើមធ្វើការតស៊ូតាំងពីយើងមានតែដំបង កាំបិត ពូថៅ ឥឡូវយើងមានកម្លាំង និងកាំភ្លើងសមល្មមដើម្បីធ្វើការវាយលុកជាទូទៅ។ យើងរង់ចាំតែកងទ័ពដ៏ខ្លាំងពូកែរបស់ម៉ៅ សេទុង ដែលជាជំនួយដ៏ពូកែសាកសិទ្ធមកដល់ព្រំដែន(ចិន.វៀតណាម)តែប៉ុណ្ណោះ។

ចំណែកនៅប្រទេសចិន វិញក្រោយពួកកុម្មុយនិស្តបានទទួលជ័យជម្នះលើពួកអ្នកជាតិនិយម ជៀង កៃជៀក នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩មក ម៉ៅ សេទុង បានប្រកាសឈ្មោះប្រទេសចិនថា សាធារណរដ្ឋប្រជាមានិតចិន ។ ជ័យជម្នះនេះ ធ្វើឱ្យពួកវៀតមិញកាន់តែមានសង្ឃឹមថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងបារាំង ហើយពួកនេះបានបោះពាក្យសម្ដីទៅបារាំងថា មានតែគ្រាប់កាំភ្លើងទេ ដែលអាចធ្វើអោយបារាំងនិយាយគ្នាស្ដាប់បាន ហើយថាជោគជ័យរបស់ប្រជាជនចិន នឹងក្លាយទៅជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន និងជនជាតិផ្សេងៗទៀតនៅអាស៊ី។

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៤៩ ហូ ជីមិញ បានផ្ញើសារទូរលេខមួយ ដើម្បីអបអរសាទរដល់ថ្ងៃបង្កើតរបបសាធារណរដ្ឋប្រជាមានិត នៅប្រទេសចិននោះផងដែរ។
ពីរថ្ងៃក្រោយមក គឺនៅថ្ងៃ១៨ ខែតុលា ឆ្នាំ១៩៤៩ ហូ ជីមិញ បានថ្លែងប្រាប់អ្នកកាសែតអង់គ្លេសម្នាក់ថា យើងនឹងដេញបារាំងចេញពីឥណ្ឌូចិន មិនឲ្យសល់ម្នាក់ឡើយ។

នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៤៩ ដោយមានការគាំទ្រពីរដ្ឋាភិបាលបារាំងផងនោះ ព្រះចៅបៅដាយ បានវិលត្រឡប់មកប្រទេសវៀតណាមខាងត្បូងវិញ និងបានកាន់តំណែងជាប្រមុខរដ្ឋ តែមិនមែនសោយរាជ្យ ជាមហាក្សត្រដូចមុននោះឡើយ។

ចាប់ពីពេលនោះមក សាធារណៈមតិពិភពលោក ពិសេសពួកលោកខាងលិច មើលឃើញកាន់តែច្បាស់ថា ការតស៊ូរបស់ពួកវៀតមិញ មិនមែនតស៊ូដើម្បីប្រឆាំងនឹងពួកអាណានិគមបារាំងទេ គឺពួកគេតស៊ូដើម្បីពង្រីកឥទ្ធិពលលទ្ធិកុម្មុយនិស្ត ដោយមានបក្សកុម្មុយនីស្តចិន និងបក្សកុម្មុយនីស្តសហភាពសូវៀត នៅពីក្រោយខ្នង។

ថ្ងៃទី១៦ ខែមករា ឆ្នាំ១៩៥០ សាធារណរដ្ឋប្រជាមានិតចិន បានផ្សារទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាល ហូ ជីមិញ ហើយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៥០ដដែលនោះ សហភាពសូវៀត ក៏បានផ្សារទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែរ។

នៅក្នុងខែមិនា ឆ្នាំ១៩៥០ សហរដ្ឋអាមេរិក ដែលពីមុនបានទទួលស្គាល់ និងគាំទ្ររដ្ឋាភិបាលរបស់ហូ ជីមិញនោះ ក៏បានត្រឡប់មកផ្សារទំនាក់ទំនងការទូតជាមួយរដ្ឋាភិបាលរបស់ព្រះចៅ បៅដាយ វិញ។ ចាប់ពីពេលនោះមក សង្រ្គាមរវាងពួកវៀតមិញ និងបារាំងនៅឥណ្ឌូចិន កាន់តែរីកធំឡើងៗជាលំដាប់ហើយសហរដ្ឋអាមេរិក ក៏បានផ្ដល់ជំនួយផ្នែកយោធាខ្លះដល់បារាំង ដើម្បីបង្រ្កាបពួកវៀតមិញ ផងដែរ។ ចំណែកពួកវៀតមិញ ក៏បានបើកការវាយប្រហារទៅលើកងទ័ពបារាំង នៅទូទាំងឥណ្ឌូចិនតែម្ដង ដោយក្នុងនោះនៅក្នុងប្រទេសកម្ពុជា ពួកវៀតមិញបានសហការជាមួយចលនាតស៊ូខ្មែរឥស្សរៈ កាន់កាប់ត្រួតត្រានៅតំបន់ដាច់ស្រយាលទាំងអស់៕