បរទេស៖ មួយរយៈពេលចុងក្រោយនេះនៅប្រទេសថៃ តែងតែមានករណីប៉ូលីស ឬក៏អាជ្ញាធរប្រើប្រាស់កាំភ្លើងខុសច្បាប់បាញ់ទៅលើគូជម្លោះ ឬសាច់ញាតិខ្លួនឯង ដោយការធ្វើបែបនេះគឺកាន់តែធ្វើឲ្យពលរដ្ឋអស់ជំនឿក្នុងការជឿជាក់លើប៉ូលីស រហូតដល់រឿងនេះត្រូវបាននាយករដ្ឋមន្រ្ដី លោក ប្រាយុទ្ធ ចាន់អូចារ បានប្រកាសធ្វើការព្រមានដល់កងកម្លាំងប៉ូលីស ទាហានទាំងអស់ មិនលើកលែងដាច់ខាតចំពោះអ្នកណាដែលហ៊ានធ្វើរឿងបែបនេះ។

នាយករដ្ឋមន្រ្ដីថៃរូបនេះ បានប្តេជ្ញាថា លោកនឹងមិនដោះលែងអ្នកណាម្នាក់ទេ ប្រសិនបើការបាញ់ប្រហារនៅយប់ថ្ងៃច័ន្ទ ទី០៣ ខែសីហា នៅទីក្រុងបាងកក ពាក់ព័ន្ធនឹងសកម្មភាពប៉ូលីសខុសច្បាប់ទាក់ទងនឹងកាស៊ីណូល្បែងនៅក្រោមដី ដែលបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់។

លោក ប្រាយុទ្ធ ចាន់អូចារ បានមានប្រសាសន៍ថា មន្រ្តីប៉ូលីសណាដែលបានរំលោភអំណាចរបស់ពួកគេពាក់ព័ន្ធនឹងកាស៊ីណូខុសច្បាប់ នឹងត្រូវទទួលទោសដោយគ្មានករណីលើកែង។ លោកក៏បានសង្កត់ធ្ងន់ដែលថា៖«ត្រូវហើយនាយករដ្ឋមន្រ្តីមានសិទ្ធិអំណាចគ្រប់គ្រងប៉ូលីស ក៏ប៉ុន្តែខ្ញុំមិនដែលយកកាំភ្លើងទៅបាញ់នរណាឡើយ ចុះហេតុអ្វីពួកអស់សម្ញែងឬកធ្វើបែបនេះទៅវិញ»។

ការអត្ថាធិប្បាយរបស់លោក ប្រាយុទ្ធ ចាន់អូចារ បានធ្វើឡើង បន្ទាប់ពីមានការបញ្ជាក់ពីលោកប៉ូលីនាយឧត្តមសេនីយ៍ Pakapong Pongpetra អធិការនគរបាលក្រុងបាងកកថា ពាក់ព័ន្ធនឹងករណីបាញ់រះនៅក្នុងកាស៊ីណូនោះ គឺជាប់មានទាក់ទងជាមួយប៉ូលីសម្នាក់ ដែលជម្លោះបានផ្ដើមចេញមកពីរឿងជំពាក់លុយ ៕
ប្រភព៖ Bangkok Post