វៀតណាម ៖ ក្រសួងសុខាភិបាល​វៀតណាម​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​០៤ សីហា​នេះ​ថា អ្នក​ស្លាប់​ដោយសារ COVID-19 នៅ​ប្រទេស​វៀតណាម​កើន​ដល់​៨​នាក់ ខណៈ​អ្នក​ឆ្លង​កើន​ដល់ ៦៧០​ករណី ។

អ្នក​ស្លាប់​ថ្មី​ចំនួន​២​នាក់​បន្ថែម ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​កើន​ដល់​៨​នាក់ ក្នុង​នោះ​បុរស​អាយុ​៦៥​ឆ្នាំ និង​ស្ត្រី​អាយុ​៦២​ឆ្នាំ ដែល​មាន​បញ្ហា​ជំងឺ​ខ្សោយតម្រងនោម និង​បញ្ហា​សុខភាព​ផ្សេង​ទៀត ។

រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​វៀតណាម លោក Nguyen Truong Son បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​អ្នកជម្ងឺ​មួយ​ចំនួន​ទៀត មាន​ហានិភ័យ​ខ្ពស់ ក្នុង​ការ​ស្លាប់​ដោយសារ មាន​បញ្ហា​សុខភាព និង​អាយុ​ចាស់​» ។

គិត​ត្រឹម​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០​នេះ​ប្រទេស​វៀតណាម​មាន​ករណី​ឆ្លង COVID-19 សរុប​ចំនួន ៦៧០​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​៨​នាក់ និង​ជា​សះស្បើយ​ចំនួន ៣៧៨​នាក់ ៕