ខេត្តកណ្ដាល ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់ និង​ក្មេង​ពីរ​នាក់​ទៀត​រង​របួសស្រាល បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ក្រុម​គ្រួសារ និង​អ្នក​ភូមិ នាំ​គ្នា​ប្រញាប់ ប្រញាល​ជួយ​សង្គ្រោះ ដឹក​មក​កាន់​មន្ទីរពេទ្យ បន្ទាប់​ពី​នាំ​គ្នា​លេខ​មុខ​ផ្ទះ ហើយ​ចាប់​ទ្វាររបង​ដែក​រុញ ស្រាប់តែ​ចៃដន្យ​អាក្រក់​ដួល​រលំ សង្កត់ នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ស្លាប់ មានឈ្មោះ រុន ចំរុង អាយុ​០៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្តកណ្ដាល ។ ចំណែក​ក្មេង​២​នាក់​ទៀត​មានឈ្មោះ ភា​រ៉ា និង​ឆៃ​រ៉ាត់ អាយុ​១០​ឆ្នាំ ត្រូវ​ចំ​ជើង​ឆ្វេង​របួសស្រាល ។

សមត្ថកិច្ច​ស្រុក​លើក​ដែក ឲ្យ​ដឹង​ទៀត​ថា ក្មេង​ប្រុស​រង​គ្រោះ និង​គ្នីគ្នា​៤​ទៅ​៥​នាក់ បាន​នាំ​គ្នា​មក​លេង​នៅ​ក្នុង​ដី​ឡូ​រ៍ របស់​ជីតា នៅ​មុខ​ផ្ទះ​ឈ្មោះ ឆោម ឈាង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ យាវ គី អាយុ​៥០​ឆ្នាំ នៅ​ភូមិ​-​ឃុំ​ខាងលើ ។ បន្ទាប់​មក​នាំ​គ្នា​លេង​រុញ​ទ្វាររបង ទៅ​មក​ៗ ស្រាប់តែ​ធ្វើ​ឲ្យ​ផុត​គន្លឹះ​ខ្ទាស់​ទ្វារ​របូត បណ្ដាល​ឲ្យ​រលំ​ទ្វារ​ដែក​សង្កត់ពីលើ​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ រុន ចំរុង (​ស្លាប់​) និង​ពីរ​នាក់​ទៀត រង​របួសស្រាល ។

ក្រោយ​ពី​ទទួល ព័ត៌មាន​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​ឃើញ​ថា ក្មេង​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​រលំ​ទ្វារ​សង្កត់​ពិតប្រាកដ​មែន​។ យ៉ាងណា ឪពុក​ម្ដាយ​ក្មេង​រង​គ្រោះ សំណូមពរ​ដល់​សមត្ថកិច្ច​ជំនាញ​មិនបាច់​ធ្វើការ​ពិនិត្យ​លើ​សាកសព​កូន​របស់​ខ្លួន​ទេ ហើយ​សុំ​យក​សព​ធ្វើបុណ្យ​តាម​ប្រពៃណី ៕