ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់​នៅ​ផ្សារ​សាមគ្គី​បាន​រក​ឃើញ​ពពុះសណ្តែក​ដែល​មាន​ផ្ទុក​សា​ធាតុគីមី​ហាមឃាត់​បូ​រ៉ា​ក់ (Borax) ចំនួន​៩​គីឡូក្រាម ។ ហេតុការណ៍​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់​នៅ​ផ្សារ​សាមគ្គី នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។

យោង​តាម​ផេ​ក​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ CCF បាន​ឲ្យ​ដឹង​ថា ក្នុង​សកម្មភាព​នេះ​មន្ត្រី​ជំនាញ​បាន​ធ្វើ​វិភាគ​បឋម​ទៅ​លើ​គំរូ​ម្ហូបអាហារ​មួយ​ចំនួន​ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយ​គ្នា​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​របស់​ទំនិញ​នៅ​លើ​សំបក​វេច​ខ្ចប់​ផង​ដែរ ។

ប្រភព​បន្ត​ថា ជា​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ពពុះសណ្ដែក​មាន​ផ្ទុក​សារធាតុ​គីមី​ហាត់​ឃាត់​បូ​រ៉ា​ក់ (Borax) ចំនួន​៩​គីឡូក្រាម ។ មន្ត្រី​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​ពពុះសណ្តែក​ទាំងនោះ​ទៅ​រក្សា​ទុក​ដើម្បី​ដុត​កម្ទេច​ចោល​នា​ពេល​ក្រោយ​តាម​នីតិវិធី និង​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ឲ្យ​យល់​ដឹង និង​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ចៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត ៕