ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​បាត់​ប្រពន្ធ​មិនដឹង​ទៅ​ណា​រក​មិនឃើញ​ក៏​ដើរទៅ​សួរ​អ្នក​ជិតខាង លុះ​គេ​ឆ្លើយ​ថា​មិនដឹង​ស្រាប់តែ​ទាញ​កាំបិត​កាប់​ទៅ​លើ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់ និង​ចៅស្រី​ម្នាក់​ទៀត​បណ្តា​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ល្ងាច ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង ឃុំ​ដូង ស្រុក​រមាស​ហែក ។

ជនសង្ស័យ​ឈ្មោះ សេង ទិ​ត្យ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីល​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ជន​រង​គ្រោះ​ពីរ​នាក់​មាន​ទី​១-​ឈ្មោះ ហ៊ីង យ៉ឹ​ម ភេទ​ស្រី អាយុ​៧៥​ឆ្នាំ មុខរបរ​កសិករ (​ស្លាប់​) និង​ទី​២-​ឈ្មោះ ប៉ែន រ៉ី ភេទ​ស្រី អាយុ​១៣​ឆ្នាំ រង​របួសធ្ងន់ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​ជនសង្ស័យ​ផ្ទះ​នៅ​ក្បែរ​គ្នា ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ដើរ​រកប្រពន្ធ​របស់​ខ្លួន​នៅផ្ទះ​របស់​ជន​រង​គ្រោះ​ហើយ​ក៏​បាន​សួរ​ស្ត្រី​រង​គ្រោះ​គាត់​ឆ្លើយ​ប្រាប់​ជនសង្ស័យ​ថា «​អញ​មិនឃើញ​ទេ​» ។ ស្រាប់តែ​ជនសង្ស័យ​ខឹង​ជន​រង​គ្រោះជា​ខ្លាំង​បាន​ស្ទុះ​ទាញ​យក​កាំបិត​ដេញ​កាប់​ត្រូវ​ចំ​ក​ញ្ចឹ​ង​.​ក​ពីក្រោយ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មណ្ឌល​សុខភាព​ឃុំ​ដូង ។ ចំណែក​ចៅស្រី​ត្រូវ​ចំ​ថ្ពាល់​ខាងឆ្វេង និង​ចង្អុលដៃ​ឆ្វេង​បណ្ដាល​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​ធ្វើ​កំណត់ហេតុ ។ បន្ទាប់​ពី​ពិនិត្យ​រួច​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ជនសង្ស័យ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ផ្លូវច្បាប់ ៕