ក្នុងថ្ងៃនេះ ក្រុមហ៊ុនសែលកាត ត្រូវបានប្រកាសទទួលស្គាល់ដោយស្ថាប័ន OpenSignal ជាជ័យលាភីពានរង្វាន់ បទពិសោធន៍នៃការលេងហ្គេម (Games Experience) ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។

សេចក្តីប្រកាសនេះ បានបញ្ជាក់ឱ្យកាន់តែច្បាស់នូវភាពនាំមុខគេរបស់ក្រុមហ៊ុនសែលកាត ទៅលើវិស័យកីឡាអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជាក៏ដូចជាបង្ហាញឱ្យឃើញថាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនបទពិសោធន៍ប្រើប្រាស់បណ្តាញទូរស័ព្ទចល័តប្រកបដោយគុណភាពខ្ពស់ដល់អ្នកស្នេហាវិស័យហ្គេម ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងតំបន់ និងទូទាំងពិភពលោកផងដែរ។

Opensignal គឺជាស្ថាប័នឯករាជ្យមួយ ដែលបានបង្កើតស្តង់ដារពិភពលោក សម្រាប់ការវិភាគទៅលើបទពិសោធន៍ប្រើប្រាស់ទូរស័ព្ទចល័តរបស់អតិថិជន។

តាមរយៈរបាយការណ៍ចុងក្រោយរបស់ស្ថាប័ននេះស្តីអំពីប្រទេសកម្ពុជា បានបង្ហាញឱ្យដឹងថា ក្រុមហ៊ុនសែលកាត គឺជាប្រតិបត្តិករថ្នាក់ជាតិតែមួយគត់ ដែលអ្នកប្រើប្រាស់ទទួលបាន បទពិសោធន៍នៃការលេងហ្គេមកម្រិតខ្ពស់ជាងគេបំផុតក្នុងបណ្តាញ4G។

បទពិសោធន៏នៃការលេងហ្គេមរបស់សែលកាត នៅលើបណ្តាញ 4GLTE ទទួលបានពិន្ទុ 47.2 ក្នុងចំណោមពិន្ទុផ្តល់ជូន 100 ខណៈក្រុមហ៊ុនមិត្តហ្វូនទទួលបានពិន្ទុ 39.9 ហើយក្រុមហ៊ុន Smart Axiata ទទួលបាន 38.8 ពិន្ទុ ។ (ពិន្ទុក្រោម 40 ត្រូវបានចាត់ទុកថាស្ថិតនៅក្នុងកម្រិត “អន់បំផុត”។)

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជា ត្រូវតែខិតខំបង្កើនកម្រិតគុណភាពបន្តទៀត ទើបអាចឈានទៅដល់កម្រិតប្រដំប្រសងគ្នាជាមួយនឹងទីផ្សារកីឡាអេឡិចត្រូនិចឈានមុខគេផ្សេងទៀតដូចជាប្រទេសថៃ និងប្រទេសម៉ាឡេស៊ីជាដើម ដែលទីផ្សារទាំងពីរនេះ ទទួលបានពិន្ទុសម្រាប់បទពិសោធន៍នៃការលេងហ្គេម ច្រើនជាង 70 (ពោលគឺឋិតនៅក្នុងកម្រិត “បង្គួរ”) ។

លោក វ៉ាតសុន បានមានប្រសាសន៍បន្តទៀតថា៖ “សែលកាតបានចាប់ផ្តើមផ្តោតទៅលើវិស័យកីឡាអេឡិចត្រូនិច ចាប់តាំងពីឆ្នាំ 2018 មកម្ល៉េះ ហើយទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បានរៀបចំកម្មវិធីប្រកួត ក៏ដូចជាចាប់ដៃគូសហការ ដើម្បីជួយបំពេញសេចក្តីត្រូវការរបស់សហគមន៍កីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ដែលតាមរយៈការប៉ាន់ស្មាន គឺមានប្រហែលជាង 2 លាននាក់ ក្នុងពេលបច្ចុប្បន្ននេះ។

“ខណៈដែលសែលកាតអាចទទួលបានពិន្ទុ 47.2 សម្រាប់បទពិសោធន៍នៃការលេងហ្គេម4Gនេះ គឺយើងអាចសន្មត់បានថា វាជាសមិទ្ធិផលដ៏អស្ចារ្យបំផុតមួយ ព្រោះថាបើពិនិត្យមើលទៅកាន់ប្រទេសថៃ និងម៉ាឡេស៊ីឯណោះវិញ ទីផ្សារឈានមុខគេទាំងពីរនេះ មានអ្នកលេងហ្គេមប្រហែលជាង 20 លាននាក់ ហើយប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តរបស់ពួកគេដែលមានដូចជា AIS និង Maxis វិញទៀតសោត ក៏សុទ្ធតែមានសមត្ថភាពខ្ពស់ទៅលើការរៀបចំកម្មវិធីសម្រាប់វិស័យកីឡាអេឡិចត្រូនិចរបស់ពួកគេផងដែរ។

ក្រុមហ៊ុនសែលកាត នឹងនៅតែបន្តគាំទ្រ ក៏ដូចជាជួយអភិវឌ្ឍសហគមន៍វិស័យកីឡាអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា រួមទាំងជួយផ្សាភ្ជាប់កីឡាករក្នុងស្រុកជាមួយនឹងវិស័យកីឡាអេឡិចត្រូនិចអន្តរជាតិដែលកំពុងរីកលូតលាស់ជាខ្លាំង ដើម្បីចូលរួមជម្រុញទឹកចិត្តដល់អ្នកសេ្នហាវិស័យហ្គេមទាំងអស់ ដែលមានបំណងចង់ក្លាយខ្លួនជាកីឡាករអាជីព នៅក្នុងវិស័យកីឡាមួយនេះ។

លោក វ៉ាតសុន បានមានប្រសាសន៍បន្ថែមថា លោកសូមកោតសរសើរជាខ្លាំង ចំពោះស្ថាប័នឯករាជ្យអន្តរជាតិ ដែលក្នុងនោះរួមមានស្ថាប័ន Opensignal ជាដើម ដែលបានខិតខំប្រឹងប្រែងក្នុងការស្វែងយល់ពីតម្រូវការ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ក្នុងសម័យដ៏ជឿនលឿនបំផុតបែបនេះ ដើម្បីណែនាំនូវកម្រិតវាស់ស្ទង់ថ្មី តួយ៉ាងដូចជា បទពិសោធន៍នៃការលេងហ្គេមនេះជាដើម។

កម្រិតវាស់ស្ទង់ថ្មីនេះ ដែលត្រូវបានបង្កើតផ្អែកលើស្តង់ដាររបស់ ITU (សហភាពទូរគមនាគមន៍អន្តរជាតិ) នឹងចូលរួមវិភាគទៅលើ បទពិសោធន៍នៃការលេងហ្គេមជាលក្ខណៈបណ្តាញលើទូរស័ព្ទចល័ត ថាតើវានឹងមានឥទ្ធិពលបែបណាខ្លះ ទៅលើលក្ខខណ្ឌបណ្តាញទូរស័ព្ទចល័ត ដែលក្នុងនោះរួមមានទាំងល្បឿននៃការបញ្ជូនទិន្នន័យ និងបញ្ហារួមទាំងភាពយឺតយ៉ាវនៃការបញ្ចូនរលកសញ្ញាផងដែរ។

លោក វ៉ាតសុន បានឱ្យដឹងទៀតថា៖ “ក្នុងចំណោមកីឡាករហ្គេមទាំងអស់ ពិតជាមិនមាននរណាដែលចង់ចាញ់ការប្រកួត ដោយសារតែបណ្តាញអ៊ីនធើណិតដំណើរការយឺតនោះឡើយ”។
“ជាពិសេសសម្រាប់កីឡាអេឡិចត្រូនិច ដែលជាប្រភេទហ្គេមទាមទារឱ្យប្រើប្រាស់ជំនាញខ្លាំងនេះតែម្តង គឺបណ្តាញអ៊ីនធើណិតមានតួនាទីសំខាន់ខ្លាំងណាស់ ពោលគឺវាអាចមានឥទ្ធិពលកំណត់ជោគវាសនាអ្នកនាំមុខគេនៅក្នុងតារាងចំណាត់ថ្នាក់តែម្តង”។

ដើម្បីអបអរសាទរនូវសមិទ្ធិផលដែលទទួលបាននេះ ក្រុមហ៊ុនសែលកាត នឹងធ្វើការរៀបចំកម្មវិធីផ្សាយរយៈពេលពេញមួយថ្ងៃ នាថ្ងៃទី 14 ខែសីហាខាងមុខនេះ ដើម្បីឱ្យអ្នកលេងហ្គេមអាចស្វែងយល់បន្ថែមអំពីកីឡាអេឡិចត្រូនិច ក៏ដូចជាដើម្បីឱ្យពួកគាត់បានទស្សនា នូវការប្រកួតប្រជែងគ្នាដោយផ្ទាល់របស់កីឡាករហ្គេមអាជីព នៅលើបណ្តាញទូរស័ព្ទចល័តសែលកាតផងដែរ។

ព្រឹត្តិការណ៍ប្រកួតប្រជែងនេះ នឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកថ្មីរបស់សែលកាត ដែលមានឈ្មោះថា PlayGame ដោយក្នុងនោះ នឹងមានការចូលរួមពីសំណាក់កីឡាករ និងអ្នកអត្ថាធិប្បាយល្បីៗ រួមមានដូចជា ក្រុម Orange Esports, Henaa, Ice Frogz, Ream Angkor, Private Plork និងក្រុមកីឡាករផ្សេងៗជាច្រើនទៀតផងដែរ ៕