ខេត្តតាកែវ ៖ នារីម្នាក់បានជិះម៉ូតូលើខ្នងប្រឡាយទាំងអាការស្រវឹងស្រាជោកជាំ តែអកុសល បានដួលម៉ូតូដោយខ្លួនឯង ហើយខ្ទាតធ្លាក់ចូលទឹកប្រឡាយស្ទុះស្ទាហែលមិនរួច បណ្តាលឲ្យឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១៩ និង១០នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចវាលស្រែប្រឡាយមួយកន្លែង ក្នុងភូមិព្រៃតាពង់ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ។

សមត្ថកិច្ច បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ឡូ សុខលី អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស។ មុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ផ្លាកលេខ តាកែវ 1N-4778 លើខ្នងប្រឡាយខាងលើតែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិច ក្នុងស្ថានភាពស្រវឹងស្រា ។ លុះមកចំណុចកើតហេតុ ស្រាប់តែរេចង្កូតដួលដោយខ្លួនឯង ហើយនារីរងគ្រោះបានខ្ទាតចូលក្នុងប្រឡាយទឹកដែលជម្រៅប្រហែល២ម៉ែត្រ រួមផ្សំទាំងនារីរងគ្រោះមិនចេះហែលទឹកផង ក៏បណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យសពនារីរងគ្រោះ រួចបញ្ជាក់ថា នារីរងគ្រោះជិះម៉ូតូដួលខ្លួនឯង ហើយខ្ទាតធ្លាក់ចូលទឹកប្រឡាយ បណ្តាលឲ្យលង់ស្លាប់តែម្តង មិនមានជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងទេ។ បន្ទាប់មក សមត្ថកិច្ច បានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារ ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាពន់ពេក៕

ដោយ៖ សុភាព២