ខេត្តកណ្តាល ៖ ឪពុកអប្រិយម្នាក់ចាប់រំលោភសេពសន្ថវៈកូនស្រីខ្លួនឯងទើបអាយុ១០ឆ្នាំ សម្រេច៤លើក កូនស្រីទ្រាំលែងបាន ទើបបែកធ្លាយដល់ម្ដាយ ហើយប្តឹងសមត្ថកិច្ចនគរបាលឱ្យចាប់វាយខ្នោះ នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។

ជនសង្ស័យឈ្មោះ ញ៉ែម ច័ន្ទដារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ មុខរបរលក់ដូរ ត្រូវជាឪពុកបង្កើតជនរងគ្រោះ ចំណែកឯកូនស្រីរងគ្រោះ អាយុ១០ឆ្នាំ មុខរបរសិស្ស ។

ក្មេងស្រីរងគ្រោះបានឱ្យដឹងថា ជនសង្ស័យជាឱពុកបង្កើតបានធ្វើសកម្មភាពរំលោភសេពសន្ថវៈមកលើនាងចំនួន០៤លើក ដោយលើកទី១ នៅថ្ងៃខែមិនចាំ ឆ្នាំ២០១៨ គឺក្រោយឪពុកបានឈ្លោះប្រកែកគ្នាជាមួយម្តាយយ៉ាងខ្លាំងប្រហែលកន្លះម៉ោងទើបឈប់ ម្ដាយនាងបានដេកជាមួយបងប្រុសម្នាក់ទៀតនៅក្រៅបន្ទប់។ ចំណែកនាងទៅដេកជាមួយឪពុកនៅបន្ទប់ក្នុងផ្ទះ លុះរហូតដល់ម៉ោង៦ល្ងាច ឪពុកនាងក៏ចាប់នាងរំលោភសេពសន្ថវៈនាងរហូតបានសំរេច រួចគំរាមនាងថា បើហ៊ានប្រាប់ម្តាយនឹងសម្លាប់ចោល ។

ជនរងគ្រោះបន្តថា លើកទី២ រំលងបានបីថ្ងៃ វេលាម៉ោងប្រហែល១១ព្រឹក គឺពេលម្តាយនាងកំពុងធ្វើម្ហូបហូបបាយនៅផ្ទះបាយ ឪពុកនាងក៏បានហៅនាងចូលក្នុងបន្ទប់ ហើយនិយាយថា «បើង៉ែងប្រាប់ម្តាយង៉ែង អញនឹងសម្លាប់ចោល» រួចហើយឪពុកនាងក៏បានចាប់នាងរំលោភសេពសន្ថវៈរហូតបានសំរេច។

ក្មេងស្រីរងគ្រោះបន្តទៀតថា លុះលើកទី៣ ក្នុងឆ្នាំ២០១៨ដដែល ពេលម្តាយនាងឈឺពោះឆ្លងទន្លេប្អូនទី៣ នៅមន្ទីពេទ្យជប៉ុន នៅវេលាម៉ោងប្រហែល១១ព្រឹក ឪពុកនាងបានជូននាងទៅងូតទឹកក្នុងបន្ទប់ទឹក ក៏ចាប់នាងបំពានសេពសន្ថវៈរហូតបានសំរេចជាលើកទី៣ទៀត ។ ចំណែកលើកទី៤វិញ គឺក្នុងខែកក្កដាឆ្នាំ២០២០ វេលាម៉ោង៨យប់ ឪពុកនាងក៏បានធ្វើសកម្មភាពចាប់បំពាននាងបានសំរេចម្តងទៀត នៅក្នុងបន្ទប់ដេកក្នុងផ្ទះថ្មី។

ដោយមិនអាចស៊ូទ្រាំតទៅទៀតបាន ថ្ងៃទី២៨ កក្កដា ២០២០នេះ វេលាម៉ោង៩យប់ ពេលឪពុកនាងចេញទៅលក់នៅតាមខេត្តបាត់ នាងក៏និយាយរឿងរ៉ាវដែលកើតឡើងខាងលើប្រាប់ម្តាយទាំងអស់។

លុះរហូតដល់ថ្ងៃទី៣ ខែសីហា ឆ្នាំដដែល វេលាម៉ោង៤ល្ងាច ទើបស្រីជាម្តាយនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដីឥដ្ឋ ហើយកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញស្រុក បានចុះទៅឃាត់ខ្លួនជនសង្ស័យមកសាកសួរតែម្តង។

តែជនសង្ស័យមិនបានសារភាពថាខ្លួនបានធ្វើសកម្មភាពដូចកាចោទប្រកាន់របស់កូនស្រីនោះទេ។ ទោះបី សង្ស័យមិនព្រមសារភាពក៏ដោយ ក៏ត្រូវបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីដែរ៕

ដោយ៖ សុភាព១