ប្រទេសចិនបានរិះគន់យ៉ាងខ្លាំងចំពោះការគំរាម របស់សហរដ្ឋអាមេរិក ក្នុងការហាមឃាត់កម្មវិធីចែករំលែកវីដេអូដែលគ្រប់គ្រងដោយជនជាតិចិនជាកម្មវិធីApp TikTok ដោយបាននិយាយថាសកម្មភាពរបស់សហរដ្ឋអាមេរិកនឹងរំលោភលើគោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថាសហរដ្ឋអាមេរិកកំពុងតែគំរាមក្រុមហ៊ុនប្រទេសចិន ដូចជាក្រុម ហ៊ុន TikTok ក្នុងនាមសន្តិសុខជាតិ ដោយមិនបង្ហាញភស្តុតាងណាមួយឡើយ។

លោកបាននិយាយថា ចំណាត់ការរបស់សហរដ្ឋអាមេរិកក៏ផ្ទុយនឹងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)ផងដែរ។ ការលើកឡើងរបស់លោកវ៉ាង បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយនៅលើកម្មវិធីព័ត៌មាន FOX News ថាប្រធានាធិបតីដូណាល់ត្រាំ នឹងប្រកាសវិធានការប្រឆាំងនឹង ក្រុមហ៊ុនបំពាក់កម្មវិធីApp TikTok នៅប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Pompeo បាននិយាយថា ក្រុមហ៊ុន software ចិនដែលកំពុងធ្វើជំនួញនៅសហរដ្ឋអាមេរិក កំពុងផ្តល់ទិន្នន័យដោយផ្ទាល់ដល់គណបក្សកុម្មុយនីស្តចិន។ លោកបានកត់សម្គាល់ថាកម្មវិធីដូចជា TikTok គឺជាការគំរាមដល់សន្តិសុខជាតិសហរដ្ឋអាមេរិកនិងភាពឯកជន របស់ជនជាតិអាមេរិក។

លោកវ៉ាង បានទទូចដល់សហរដ្ឋអាមេរិកឱ្យផ្តល់បរិយាកាសទីផ្សារ ដោយយុត្តិធម៌និងបើកចំហ ហើយមិនធ្វើនយោបាយ ចំពោះសេដ្ឋកិច្ចនិងពាណិជ្ជកម្មឡើយ។

លោកវ៉ាង ត្រូវបានអ្នកយកព័ត៌មានបរទេសសួរអំពីការហាមឃាត់របស់ប្រទេសចិន លើបណ្តាញផ្សព្វផ្សាយសង្គមបរទេសជាច្រើនដូចជា Facebook និងYou Tube ដែលជាផ្នែកមួយនៃការត្រួតពិនិត្យតាមអ៊ិនធរណិតដ៏តឹងរឹង។ អ្នកនាំពាក្យរូបនេះ បាននិយាយថា ក្រុមហ៊ុនដែលចូលទីផ្សារចិនត្រូវតែគោរពតាមច្បាប់របស់ប្រទេសចិន។