ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកដកសេចក្តីសម្រេចចិត្តខុសរបស់ខ្លួន ជាបន្ទាន់ក្នុងការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនផលិតកម្មនិងសំណង់ខេត្ត Xinjiang និង មន្រ្តីពាក់ព័ន្ធពីររូប ដោយប្តេជ្ញាថានឹងប្រឆាំងតបវិញយ៉ាងម៉ឺងម៉ាត់ ប្រសិនបើភាគីអាមេរិក ប្រកាន់អាកប្បកិរិយាបែបនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយក្នុងការឆ្លើយតបទៅនឹងការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនិងសេចក្តីថ្លែងការណ៍ថ្មីៗនេះដោយរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានរិះគន់គោលនយោបាយខេត្ត Xinjiang របស់ប្រទេសចិន។

លោក វ៉ាង បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា សកម្មភាពរបស់សហរដ្ឋអាមេរិក គឺជាការជ្រៀតជ្រែកយ៉ាងខ្លាំងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននិង រំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើបទដ្ឋានមូលដ្ឋានសម្រាប់ទំនាក់ទំនងអន្តរជាតិ។ ប្រទេសចិនប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងខ្លាំង។

លោកបាននិយាយថា បញ្ហាដែលទាក់ទងនឹង ខេត្ត Xinjiang មិនដែលនិយាយអំពីបញ្ហាសិទ្ធិមនុស្ស ជនជាតិភាគតិច ឬសាសនានោះទេ ប៉ុន្តែនិយាយអំពីការប្រឆាំងភេរវកម្ម និងប្រឆាំងទៅនឹងការប៉ះបោផ្តាច់ខ្លួន។ កិច្ចការខេត្ត Xinjiang គឺជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ។ សហរដ្ឋអាមេរិកគ្មានសិទ្ធិ និងគ្មានមូលដ្ឋានណាមួយអាចជ្រៀតជ្រែកបានឡើយ។

ក្រុមហ៊ុនផលិតកម្មនិងសំណង់ ខេត្ត Xinjiang បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍន៍ខេត្ត Xinjiang សាមគ្គីភាពជន ជាតិភាគតិច ស្ថេរភាពសង្គម និងសន្តិសុខព្រំដែន រស់នៅដោយសុខដុមជាមួយក្រុមជនជាតិភាគតិចទាំងអស់ជាដៃគូរាក់ទាក់និងប្រកបដោយការគាំទ្រ។ការចោទប្រកាន់របស់សហរដ្ឋអាមេរិក មិនមានអ្វីក្រៅពីការនិយាយពាក្យចចាមអារ៉ាមនិងការនិយាយបំផ្លើស។

លោកវ៉ាង បាននិយាយថារដ្ឋាភិបាលចិនប្តេជ្ញាលើកកំពស់ អធិបតេយ្យភាព សន្តិសុខនិងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ ហិង្សាក្រុមបំបែកខ្លួន និងក្រុមជ្រុលនិយមសាសនា និងប្រឆាំងរាល់ការជ្រៀតជ្រែកពីបរទេសនៅក្នុងកិច្ចការខេត្ត Xinjiang និងកិច្ចការផ្ទៃក្នុងដទៃទៀតរបស់ប្រទេសចិន។ ការតំឡើងកាំមេរ៉ានៅតាមទីសាធារណៈស្របតាមច្បាប់នៅខេត្ត Xinjiang មិនផ្តោត លើជនជាតិភាគតិចជាក់លាក់ណាមួយឡើយហើយវាមានគោលបំណងធ្វើឱ្យប្រសើរ ឡើងនូវអភិបាលកិច្ចសង្គម ការពារនិងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។