រាជធានី​ភ្នំពេញ ៖ ម្ចាស់​តាម​រក​ម៉ូតូ តាម​ប្រព័ន្ធ GPS ឃើញ​ជនសង្ស័យ​ជិះ​ម្តុំ​ណា​ហ្គា​វើ​ល​ដ៍ ក៏​ប្តឹង​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​តែ​ម្តង កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០១ សីហា ២០២០ នៅ​ចំណុច​ផ្ទះ​ជួល​តាម​ផ្លូវ​លេខ​៩៥ ផ្ទះ​លេខ​៨៨ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

បើ​តាម​នារី​រង​គ្រោះ បាន​ប្រាប់​អោយ​ដឹង​ថា រូប​នាង​មានឈ្មោះ លឹ​ម លី​យ៉ា អាយុ​២៨​ឆ្នាំ មុខរបរ​ជា​និស្សិត ស្នាក់​នៅ​បន្ទប់​ជួល ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ស ពាក់​ស្លាក​លេខ សៀមរាប ១V-៤១៣១ ។

នារី​រង​គ្រោះ​ខាងលើ បាន​ប្រាប់​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ រូប​នាង​ចេញពី​សាលារៀន​ម៉ោង​១១​ព្រឹក ហើយ​បាន​ចាក់សោ​ម៉ូតូ​នៅ​ជាន់​ក្រោម រួច​ក៏​ឡើង​ទៅ​បន្ទប់​ជួល​នៅ​ជាន់​ទី​១ លុះដល់​ម៉ោង​៤ និង​៣០​នាទី​រសៀល ក៏​ចុះ​មក​ក្រោម ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្តង ទើប​ទូរស័ព្ទ​ប្រាប់​បងប្អូន​ដើម្បី​ដើរ​រក ។ ដើរ​រក​ដោយសារ​ម៉ូតូ​របស់​នាង​មាន​ភ្ជាប់​ប្រព័ន្ធ GPS ក៏​ឆែក​មើល​តាម ទូរស័ព្ទ​ឃើញ​ម៉ូតូ​គាត់​ជិះ​វិល​ពេញ​ក្នុង​ក្រុង​តែ​ម្តង ។ នាង​ជិះ​តាម​រហូត​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់ ក៏​រក​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​មក​ដល់​មុខ​ណា​ហ្គា​វើ​ល​ដ៍ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ទើប​រូប​នាង​ក៏​ប្តឹង​នគរបាល​ឱ្យ​ជួយ​អន្តរាគមន៍ ឃាត់​ជនសង្ស័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​មានឈ្មោះ​ឈ​ន ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​បន្ទប់​ជួល សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន បាន​ប្រាប់​ថា មុន​កើតហេតុ ខ្លួន​បាន​ដើរមក​ដល់​ច្រក​ឌឿងហែម ក៏​ប្រទះ​ឃើញ​ម៉ូតូ ZOOMER-X ដែល​ចាក់សោ​ទុក​ចោល​យូរហើយ មិនឃើញ​មាន​ម្ចាស់​មក​យក​សោះ ហើយ​ណាមួយ​រូបគេ មិន​ដែល​លួច​ម៉ូតូ និង​គ្មាន​ឧបករណ៍​សម្រាប់​កាច់ក​ម៉ូតូ ក៏​បាន​ហៅ​ជាង​សោ មក​ធ្វើ​កូនសោ​ម៉ូតូ ដោយ​កុហក​ជាង​ថា បាត់​សោ​ម៉ូតូ ។ បន្ទាប់​ពី​ធ្វើ​កូនសោ​រួចរាល់ ក៏​បាន​ជិះ​ចេញពី​កន្លែង​កើតហេតុ ក្នុង​គោលបំណង​ដើរ​រក​កន្លែង​ប​ញ្ជាំ តែ​គ្មាន​កាត​គ្រី ទើប​ជិះ​ទៅ​ណា​ហ្គា​វើ​ល​ដ៍ ដើម្បី​បញ្ចាំ ប៉ុន្តែ​ចៃដន្យ ម្ចាស់​គេ​តាម​មក​ទាន់​ដោយសារ​ម៉ូតូ​ភ្ជាប់​ប្រព័ន្ធ GPS ។

ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។ ចំណែក​ម៉ូតូ​បាន​ប្រគល់​ជូន​ម្ចាស់​វិញ ៕