ខេត្តព្រៃវែង៖ មនុស្ស២នាក់ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៉ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០នេះ។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីនាំខ្លួនមនុស្សទាំង២នាក់នេះ ត្រឡប់មកកន្លែងធ្វើចត្តាឡីស័កវិញ។

លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានប្រាប់ឲ្យដឹងនៅមុននេះបន្ដិចថា មនុស្សទាំង២នាក់នេះ ទី១៖ឈ្មោះ កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២៖ឈ្មោះ ចន កំសាន អាយុ៣២ឆ្នាំ។ លោកបានបញ្ជាក់ថា ពួកគេទាំងពីរនាក់ បានរត់ចេញពីកន្លែងធ្វើចត្ដាឡីស័ក ក្នុងវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន កំពង់លាវ ស្ថិតក្នុងព្រៃវែង នៅវេលាម៉ោងប្រមាណ៤ល្ងាចថ្ងៃនេះ ពេលកំពុងរៀបភ្លៀង។

បើតាមលោកអភិបាលរងខេត្ត បច្ចុប្បន្នក្រោមការបញ្ជាពី លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង កម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័នទាំងអស់ កំពុងរួមដៃគ្នាបើកការស្រាវជ្រាវ ដើម្បីតាមរកមនុស្សទាំង២នាក់នេះ ត្រឡប់មកមណ្ឌលដើម្បីធ្វើចត្តាឡីស័កវិញ។

ប្រភពព័ត៌មានដដែលបានអះអាងថា មនុស្សទាំងពីរនាក់ដែលបានរត់ចេញពីកន្លែងធ្វើចត្តាឡីស័កនេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៉ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី០៦ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេរត់ចេញនៅថ្ងៃនេះតែម្ដង។

សូមជម្រាបថា កន្លងទៅក៏ធ្លាប់មានករណីអ្នករត់ចេញពីមណ្ឌលធ្វើចត្ដាឡីស័កផងដែរ ប៉ុន្ដែត្រូវសមត្ថកិច្ចរកឃើញ នឹងនាំមកបន្ដតាមដានសុខភាពវិញ រហូតដល់ថ្ងៃកំណត់ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។