ភ្នំពេញ៖ ករណីនារីជាបុគ្គលិកកាស៊ីណូ Good Luck ឈ្មោះ សុខ ម៉ាលីន អាយុ១៨ឆ្នាំ ត្រូវអ្នករត់តាក់ស៊ីរំលោភ រួចសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត នៅខេត្តស្វាយរៀង កាលពី៣ឆ្នាំមុននោះ រហូតមកដល់ពេលនេះមិនដឹងយុត្តិធម៌នៅក្រហែងណានោះទេ ខណៈដែលក្រុមគ្រួសារនៃសពនារីរងគ្រោះ បានចំណាយទាំងថវិកានិងពេលវេលាយ៉ាងច្រើន ដើម្បីចូលរួមតាមនីតិវិធីរបស់តុលាការ ស្របពេលជនជាប់ចោទបន្តប្តឹងទៅសាលាឧទ្ធរណ៍ និងតុលាការកំពូល ប្រឆាំងនិងការសម្រេចតុលាការខេត្ត ដែលផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត ។

គណនីហ្វេសប៊ុកមួយឈ្មោះ «បង រី» បានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ថា៖ «ថ្ងៃនេះថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃគម្រប់ខួប៣ឆ្នាំរបស់ក្មួយស្រីខ្ញុំ ដែលត្រូវបានអ្នករត់តាក់ស៊ីរំលោភសម្លាប់យ៉ាងព្រៃផ្សៃនៅខេត្តស្វាយរៀង ។ អស់រយៈពេលបីឆ្នាំហើយ ដែលគ្រួសារខ្ញុំរង់ចាំទទួលពន្លឺយុត្តិធម៌ តើពេលណាទៅ ទើបផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារខ្ញុំ ។គ្រួសារខ្ញុំត្រូវឡើងចុះតុលាការខេត្តស្វាយរៀង បីដងហើយ នៅតែដដែល ។ ក្រោយមកទៀត ឡើងសាលាឧទ្ធរណ៍នៅភ្នំពេញ ពីរដងទៀត ក្រុមគ្រួសារខ្ញុំត្រូវចំណាយលុយអស់ជាច្រើន សម្រាប់ធ្វើដំណើរឡើងតុលាការជាច្រើនដង និងខាតពេលវេលារកស៊ីច្រើនណាស់»។

ម្ចាស់គណនីហ្វេសប៊ុកបានសេសេរបន្តថា៖ «ក្នុងរយៈពេលបីឆ្នាំនេះ ការឈឺចាប់នៅតែកើនឡើងដោយសារតែផ្លូវសម្រាប់ដើរទៅរកយុត្តិធម៌នៅមិនទាន់ទៅដល់គោលដៅ ។ ខ្ញុំបានបង្ហោះសារនេះតាមប្រព័ន្ធហ្វេសប៊ុកជាច្រើនដង តែដូចគ្មានថ្នាក់ដឹកនាំណាមើលឃើញសោះ នេះហើយដែលធ្វើឲ្យគ្រួសារខ្ញុំមានការឈឺចាប់កាន់តែខ្លាំងទៅៗ សូមថ្នាក់ដឹកនាំ និងក្រសួងយុត្តិធម៌ ជួយរកយុត្តិធម៌ និងផ្ដល់យុត្តិធម៌ពិតប្រាកដដល់គ្រួសារខ្ញុំផង»។

គួររំលឹកផងដែរថា ជនជាប់ចោទទាំង២នាក់នេះ ត្រូវចៅក្រមអមសាលាដំបូងខេត្តស្វាយរៀង ផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ។ ប៉ុន្តែជនជាប់ចោទទាំងពីរនាក់ មិនសុខចិត្តបានប្ដឹងបន្តទៅសាលាឧទ្ធរណ៍ តែត្រូវសាលាឧទ្ធរណ៍ សម្រេចតំកល់សាលក្រមសាលាដំបូងខេត្តស្វាយរៀង ទុកជាបានការដដែល ។ មិនតែប៉ុណ្ណោះជនជាប់ចោទ ក៏បានបន្តប្ដឹងទៅតុលាការកំពូលថែមទៀត តែពេលនេះត្រូវតុលាការកំពូល កំពុងដំណើរការតាមនីតិវិធី។

ប្រភពមួយបានឱ្យដឹងថា ទោះបីជា មន្ត្រីតុលាការកំពូលកំពុងដំណើរការយ៉ាងណាក្តី ក៏ក្រុមគ្រួសារជនរងគ្រោះបានបង្ហោះ ហ្វេសប៊ុកត្អូញត្អែរអំពីចំណាត់ការយឺតយ៉ាវក្នុងការទទួលបានយុត្តិធម៌ពីករណីនេះ និងបានសំណូមពរឱ្យក្រសួងយុត្តិធម៌ និងតុលាការពន្លឿនការកាត់ក្ដីដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដជូនដល់ជនរងគ្រោះដដែលៗដែរ ៕