វៀតណាម ៖ បុរស​ចំនួន​៧​នាក់​នៅ​ទីក្រុង​ដា​ណា​ង​ត្រូវ​បាន​អាជ្ញាធរ​ផាកពិន័យ​ម្នាក់​៧.៥​លាន​ដុ​ង (៣២១​ដុល្លារ​) ក្រោយ​ពី​ពួក​គេ​ជួបជុំ​គ្នា​ផឹកស៊ី​ស្រប​ពេល​ទីក្រុង​ដា​ណា​ង​កំពុង​ផ្ទុះ​ឡើង​វិញ​ខ្លាំង​នូវ​ជំងឺ Covid-19 ។ បុរស​ទាំង​៧​នាក់​នោះ​ត្រូវ​បាន​ប៉ូលិស​ប្រទះ​ឃើញ​នៅ​ម៉ោង​១១​យប់​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​ក្រោយ​ពី​ចេញ​ល្បាត​បានឃើញ​ពួក​គេ​ទាំងនោះ​កំពុង​ជួបជុំ​គ្នា​ផឹកស្រា​បៀរ​នៅផ្ទះ​ជួល​មួយ​តាម​ផ្លូវ Ngo Thi Huong ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម VN Express ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ។

អាជ្ញាធរ​នៅ​ខណ្ឌ Nai Hien Dong បាន​ណែនាំ​ឲ្យ​រដ្ឋបាល​សង្កាត់ Son Tra ពិន័យ​ពួក​គេ​ក្នុង​ម្នាក់​៧.៥​លាន​ដុ​ង (៣២១​ដុល្លារ​)​សម្រាប់​ការ​បំពាន​បំរាម​គោចរ​រក្សា​គម្លាត​ដើម្បី​បញ្ចៀស​ការ​ឆ្លង​ជំងឺ Covid-19 ។ រដ្ឋបាល​ខណ្ឌ Nai Hien Dong បាន​ផាកពិន័យ​មនុស្ស​ជាង​២០​នាក់​រួច​ទៅ​ហើយ​ចំពោះ​ការ​មិន​ពាក់​ម៉ាស់​បន្ទាប់​ពី​វិធានការ​គម្លាត​សង្គម​ត្រូវ​បាន​អនុវត្ត ។

ទីក្រុង Da Nang ដែល​ឥឡូវនេះ​ជា​ចំណុច​ផ្ទុះ​ជំងឺ​កូ​វី​ដ​ធំ​ជាងគេ​របស់​ប្រទេស​វៀតណាម​ដោយ​មាន​១២០​ករណី​គឺ​បាន​ចាប់ផ្តើម​ដាក់​វិធានការ​គម្លាត​សង្គម​រយៈពេល​១៥​ថ្ងៃ​កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​ដែល​តម្រូវ​ឲ្យ​ប្រជាជន​ស្នាក់​នៅ​ក្នុងផ្ទះ និង​រក្សា​គម្លាត​យ៉ាងតិច​ពីរ​ម៉ែត្រ​ពី​គ្នា​នៅ​ទី​សាធារណៈ ។ ការ​ជួបជុំ​ជា​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន​ជាង​ពីរ​នាក់​ត្រូវ​បាន​ហាមឃាត់​លើកលែងតែ​នៅ​ការិយាល័យ សាលារៀន និង​មន្ទីរពេទ្យ​ប៉ុណ្ណោះ ។

ទន្ទឹម​នឹង​នេះ​ដែរ​រដ្ឋាភិបាល​បាន​សារភាព​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​មិន​អាច​រក​ប្រភព​ដើម​នៃ​ការ​ផ្ទុះ​ឡើង​ក្នុង​ទីក្រុង Da Nang ឃើញ​ទេ រហូត​មក​ដល់​ពេល​នេះ​ប្រទេស​វៀតណាម​មាន​ករណី​ជំងឺ​កូ​វី​ដ​១៩​សរុប​ចំនួន​៦២១​ករណី និង​មនុស្ស​៦​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ៕

ប្រភព ៖ VN Express , ដោយ ៖ សំណាង