ប្រទេសអារ៉ាប់រួម បានក្លាយជាប្រទេសដំបូងគេ ក្នុងចំណោមរដ្ឋឈូងសមុទ្រអារ៉ាប់ ដែលផលិតប្រេង បានបើករោងចក្រថាមពលនុយក្លេអ៊ែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ ប្រទេសអារ៉ាប់រួម (UAE) បានរាយការណ៍ ថាអង្គភាពទី ១ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Barakah នៅទីក្រុង Abu Dhabi បានចាប់ផ្តើមប្រតិបត្តិការហើយ។

សម្ព័ន្ធក្រុមហ៊ុន ដឹកនាំដោយប្រទេសកូរ៉េខាងត្បូងបានទទួលការដេញថ្លៃសាងសង់រោងចក្រនេះនៅឆ្នាំ ២០០៩ បន្ទាប់ពី ប្រជែងជាមួយគូប្រជែងមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក។ រោងចក្រនេះនឹងមានម៉ាស៊ីន រ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៤ ។

ការបង្កើតថាមពលកំដៅ ដោយប្រើឧស្ម័នធម្មជាតិគឺជាប្រភពថាមពលដ៏សំខាន់មួយនៅក្នុងប្រទេសអារ៉ាប់រួម។ នេះជាលើកដំបូងហើយដែលប្រទេសឈូងសមុទ្រអារ៉ាប់មួយដែលពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល សម្រាប់ផលិតកម្មថាមពល បានដាក់រោងចក្រថាមពលនុយក្លេអ៊ែរឱ្យដំណើរការ។

គេជឿថាប្រទេសអារ៉ាប់រួម មានគោលបំណងកាត់បន្ថយការពឹងផ្អែកលើឧស្ម័នធម្មជាតិ ដែលជាប្រភពថាមពលនិងកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ដើម្បីបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ឱ្យមានលក្ខណៈបរិស្ថាន។

នៅពេលដែលម៉ាស៊ីន រ៉េអាក់ទ័រ ដែលនៅសល់ត្រូវបានដាក់ឱ្យដំណើរការ សមត្ថភាពសរុបរបស់រោងចក្រនឹងមានចំនួន ៥.៦០០ មេហ្កាវ៉ាត់ ស្មើនឹងប្រមាណជាមួយភាគបួននៃតម្រូវការអគ្គិសនីរបស់ប្រទេស។ ប៉ុន្តែការព្រួយបារម្ភកំពុងត្រូវបានលើកឡើងអំពីហានិភ័យសន្តិសុខដល់រោងចក្រនេះ។

ប្រទេសអារ៉ាប់រួម កំពុងគាំទ្រកម្លាំងប្រយុទ្ធក្រុមបះបោរ Houthi ប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសយ៉េមេន។ អ្នកជំនាញមួយចំនួន ចង្អុលបង្ហាញពីលទ្ធភាពដែលថា រោងចក្រនុយក្លេអ៊ែរ Barakah អាចនឹងត្រូវវាយប្រហារដោយ្រុម Houthis នៅពេលដែលពួកគេធ្វើការ វាយប្រហារមីស៊ីលទៅលើប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលយ៉េមេន។