ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​អូស​ខ្សែភ្លើង​មក​ភ្ជាប់​ជាមួយ​ម៉ូ​ទ័​រ​បូមទឹក​ដើម្បី​បូមទឹក​ដាក់​ពាង​ដោយ​ដៃ​ម្ខាង​កាន់​ម៉ូ​ទ័​រ​ស្រាប់តែ​ម៉ូ​ទ័​រ​ឆ្លងភ្លើង​បណ្តាល​ឲ្យ​ឆក់​ដួល​ទៅ​នឹង​ដី​ភ្លាម​ៗ​នោះ​មាន​អ្នក​ជិតខាង​ឃើញ​ហៅ​គ្នា​ជួយ​តែ​អកុសល​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​និង​០៥​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ ថា ថា​ច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ចំណុច​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល មាន​ប្រពន្ធ​ឈ្មោះ ប៉ា​ង វណ្ណៈ អាយុ​២៨​ឆ្នាំ ។

តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​បាន​ទៅ​បូមទឹក​ដាក់​ពាង​ហើយ​ម៉ូ​ទ័​រ​បូមទឹក​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រវែង​៣៥​ម៉ែត្រ​ដូច​សព្វដង ដោយ​ប្រើ​ខ្សែភ្លើង​មួយ​ខ្សែ​អូស​មក​ភ្ជាប់​ជាមួយ​ម៉ូ​ទ័​រ​បូមទឹក​ពេល​ដោត​ខ្សែភ្លើង​ចូល​ម៉ូ​ទ័​រ​ដោយ​ដៃ​ឆ្វេង​ជន​រង​គ្រោះ​កាន់​ជាប់​ម៉ូ​ទ័​រ ស្រាប់តែ​ម៉ូ​ទ័​រ​ឆ្លងភ្លើង​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឆក់​ដួល​ទៅ​លើ​ដី​ភ្លាម​នោះ​ក៏​មាន​អ្នក​ជិតខាង​ឃើញ​ស្រែកហៅ​គ្នា​មក​ជួយ​តែ​ជន​គ្រោះ​បាន​ស្លាប់​បាត់​ហើយ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​នគរបាល​ប៉ុស្តិ៍​ឈើទាល​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ដោយ​សហការ​ជាមួយ​កម្លាំង​ជំនាញ​កោសល្យវិច័យ​ស្រុក​កៀនស្វាយ គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​ឈើទាល ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ​ឈើទាល ធ្វើការ​ពិនិត្យ​លើ​ជន​រង​គ្រោះ ។ បន្ទាប់​ពី​ក្រុមការងារ​ពិនិត្យ​រួច​ឃើញ​ថា ដៃ​ឆ្វេង​របស់​រង​គ្រោះ​មាន​ស្នាម​ឆេះ​ម្រាមដៃ​ដោយ​ឆក់​ខ្សែភ្លើង​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​ពិតប្រាកដ​មែន សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី ៕