រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​មួយ​គ្រឿង​ពី​ជន​រង​គ្រោះ​ដែល​កំពុង​ដើរ​បណ្តើរ និយាយ​ទូរ​សព្ទ​បណ្តើរ​រួច​ព្យាយាម​រត់គេច​ខ្លួន តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់ ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨​និង​១០​នាទី​យប់​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២០ នៅ​ចំណុច​សួនច្បារ មុខ​ក្រសួងការពារជាតិ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​មក​លេង​នៅ​ចំណុច​កើតហេតុ​ខាងលើ​រួច​ក៏​ដក​ទូរ​សព្ទ​ម៉ាក​១​គ្រឿង​ម៉ាក Huawei មក​និយាយ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​មក​ឆក់​ទូរ​សព្ទ​ដៃ​ពី​ជន​រង​គ្រោះ​បាន​សម្រេច​រួច​ព្យាយាម​រត់គេច​ខ្លួន ។

ស្រប​ពេល​នោះ​ជន​រង​គ្រោះ​ស្រែ​កថា «​ចោរ​ៗ» ក៏​ធ្វើ​ឲ្យ​ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញ​ឆ្លង​ទៅ​ផ្លូវ​ម្ខាង​ទៀត​ចូល​ដល់​ទឹកដី​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ទើប​ចាប់​បាន​ម្នាក់​នាំ​គ្នា​ស្វាគមន៍​ម្នាក់​១​ដៃ​១​ជើង​ឡើង​ទ្រោម​ខ្លួន​សល់​ដង្ហើមចង្រិត​រួច​ទើប​ប្រគល់​ជូន​សមត្ថកិច្ច​តែ​ម្ដង ចំណែក​បក្ខពួក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មិត្តភាព ចំពោះ​ជនសង្ស័យ​សមត្ថកិច្ច​បាន​ធ្វើការ​សួរនាំ និង​ធ្វើ​កំណត់ហេតុ​រួច​បញ្ជូន​បន្ត​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕