ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​ផ្តល់​ពេល​ឱ្យ​ក្រុមហ៊ុន ByteDance របស់​ប្រទេស​ចិន ដែល​ជា​ក្រុមហ៊ុនមេ​របស់ Tik Tok រយៈពេល ៤៥ ថ្ងៃ​ដើម្បី​ចរចា​ការ​លក់​កម្មវិធី​វី​ដេ​អូ​ខ្លី​ដែល​មាន​ប្រជាប្រិយភាព​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន Microsoft Corp ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​នៅ​ព្រឹក ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ នេះ ។

ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ក្រុមហ៊ុន Tik Tok ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ByteDance របស់​ចិន​អាច​បង្ក​ហានិភ័យ​ជាតិ​ដោយសារ​តែ​ការ​លួច​យក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់ ។ លោក Trump បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា គាត់​មាន​គម្រោង​ហាមឃាត់​កម្ម​វី​ធី Tik Tok នៅ​សហរដ្ឋអាមេរិក​បន្ទាប់​ពី​ច្រានចោល​គំនិត​នៃ​ការ​លក់​ទៅ​កម្មវិធី​នេះ​ឱ្យទៅ​ក្រុមហ៊ុន Microsoft ។

ប៉ុន្តែ​បន្ទាប់​ពី​ការ​ពិភាក្សា​រវាង​លោក Trump និង​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Microsoft លោក Satya Nadella បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​នឹង​បន្ត​ការ​ចរចា​ដើម្បី​ទទួល​បាន Tik Tok ពី ByteDance ហើយ​ថា​វា​មាន​គោលបំណង​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​នៅ​ថ្ងៃ​ទី ១៥ ខែកញ្ញា ខាង​មុខ ។

ប្រភព​មួយ​បាន​និយាយ​ថា លោក Trump បាន​ផ្លាស់​ប្តូរ​ចិត្ត​បន្ទាប់​ពី​មាន​សម្ពាធ​ពី​ទីប្រឹក្សា​ខ្លះ និង​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​គណបក្ស​សាធារណរដ្ឋ​របស់​លោក ។ ការ​ហាមឃាត់ Tik Tok នឹង​ធ្វើ​ឱ្យ​អ្នក​ប្រើ​វ័យក្មេង​របស់​ខ្លួន​ផ្តាច់ខ្លួន​មុន​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា ហើយ​ទំនងជា​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​ផ្នែក​ច្បាប់ ។

សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ​ដ៏​លេចធ្លោ​មួយ​ចំនួន​បាន​ចេញ​សេចក្តីថ្លែងការណ៍​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុង​ក្រោយ​នេះ​ដែល​ជំរុញ​ឱ្យ​លោក Trump គាំទ្រ​ការ​លក់ Tik Tok របស់​ក្រុមហ៊ុន​ចិន ByteDance ឱ្យទៅ​ក្រុមហ៊ុន Microsoft ជា​អ្នកគ្រប់គ្រង​វិញ ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង