ភ្នំពេញ៖ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រ ថៃឡង់ដ៍ បានចេញសេចក្តីជូនដំណឹងស្តីពីរាជរដ្ឋាភិបាលថៃ ប្រកាសបន្តដាក់ប្រទេសក្នុងគ្រាអាសន្ន រយៈពេល១ខែទៀត ហើយសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃ។

សេចក្តីជូនដំណឹងរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃឡង់ដ៍ បានជម្រាបជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅសិក្សា និងធ្វើការនៅក្នុងប្រទេសថៃ ថា រាជរដ្ឋាភិបាលថៃ បានប្រកាសបន្តដាក់ប្រទេស ក្នុងគ្រាអាសន្ន១ខែទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីបន្តទប់ស្កាត់ និងការពារការរីករាលដាល នៃជំងឺកូវីដ១៩ ជាពិសេសការពារការឆ្លងជំងឺនេះ ក្នុងរលកទី២ ដែលអាចនឹងមានផលប៉ះពាល់ខ្លាំង ដល់សេដ្ឋកិច្ច និងសង្គមរបស់ថៃ។

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃទាំងអស់ មេត្តាបន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាលថៃ ឲ្យបានខ្ជាប់ខ្ជួន មានប្រសិទ្ធភាពខ្ពស់ និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ បន្តទៀត៕