ភ្នំពេញ៖ លោក រ៉ុង ឈុន ត្រូវសមត្ថកិច្ចនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១១៖០០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា សមត្ថកិច្ចឃាត់ខ្លួន កាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ក្នុងបទល្មើសជាក់ស្តែងដោយញុះញង់ ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គមលើបញ្ហាព្រំដែនកម្ពុជា ក្រោយពីលោកបានធ្វើបទសំភាសន៍ជាមួយវិទ្យុអាស៊ីសេរី មួយម៉ោងប៉ុណ្ណោះ។
រសៀលនេះ លោក រ៉ុង ឈុន កំពុងស្ថិតក្រោមការសាកសួរនាំពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

សូមជម្រាបជូនថា៖ មុនពេលមានការឃាត់ខ្លួននេះ លោក រ៉ុង ឈុន បានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ហើយបានចេញសេចក្តីថ្លែងការណ៍ ញុះញង់ថា ការបោះបង្គោលព្រំដែនថ្មីរវាងកម្ពុជា-វៀតណាមបានចូលមកដីកម្ពុជាក្រោមប្រហែល៥០០ម៉ែត្រ។

ភ្លាមៗបន្ទាប់ពីមានការចោទប្រកាន់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានប្រកាសទាត់ចោល នូវសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចាត់ទុកថា ជាការផ្សាយព័ត៌មានមិនពិត និងបំផ្លើស។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចាត់ទុកថាការផ្សាយរបស់លោក រ៉ុង ឈុន មានចេតនាទុច្ចរិត ក្នុងគោលបំណងបំភាន់សាធារណៈមតិជាតិ និងអន្តរជាតិ ដោយធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាល៕