យោង​តាម​ប្រភព​ពី​ក្រសួងសុខាភិបាល​នៃ​ប្រទេស​វៀតណាម​បាន​ចេញ​សេចក្តីរាយការណ៍​ពី​ការ​ស្លាប់​ទី​៣​របស់​អ្នក​ឆ្លង​ជំងឺ Covid-19 នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដែល​មាន​អាយុ​៦៨​ឆ្នាំ ជា​ស្ត្រី​មាន​ជំងឺមហារីក​ឈាម ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម dtinews ដែល​បាន​ចេញផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២០ នេះ ។

ស្ត្រី​ដែល​ជា​មនុស្ស​ទី​៣​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ​ជា​អ្នកជំងឺ​ទី​៤៩៩​ដែល​បាន​ឆ្លង​កូ​វី​ដ​១៩​មក​ពី​កណ្តាល​ទីក្រុង​ដា​ណា​ង ដែល​ជា​កន្លែង​ស្ថិត​ក្នុង​ចំណោម​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ចំនួន​៩២​ករណី​ទៀត​ដែល​រដ្ឋាភិបាល​បាន​រក​ឃើញ​តាំងពី​ស​ប្តា​ហ៍​មុន ។

មុន​ពេល​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ស្ត្រី​រូប​នេះ​បាន​រង​ផល​ប៉ះពាល់​ពី​ជំងឺមហារីក​ឈាម​, ជំងឺលើសឈាម និង​ជំងឺ​ទឹកនោមផ្អែម ដែល​បណ្តាល​ឱ្យ​មាន​ជំងឺមហារីក​ខួរក្បាល​នៅ​ដំណាក់កាល​ចុង​ក្រោយ និង​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​ថែម​ទៀត ។

ស្ត្រី​រូប​នេះ​បាន​ស្នាក់​នៅ​មន្ទីរពេទ្យ​ដា​ណា​ង​តាំងពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ បន្ទាប់​មក​នាង​មាន​អាកា​រៈ​ក្តៅខ្លួន ហើយ​ត្រូវ​បាន​ប្តូរ​ទៅ​មន្ទីរពេទ្យ Danang Oncology នៅ​ថ្ងៃ​បន្ទាប់​ដែល​នាង​ត្រូវ​បាន​គេ​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​កូ​វី​ដ​១៩ ក្រោយមក​នៅ​រសៀល​ថ្ងៃ​សុក្រ​ស្ថានភាព​របស់​ស្ត្រី​រូប​នេះ​កាន់តែ​យ៉ាប់យ៉ឺន​ហើយ​ត្រូវ​ក្រុម​គ្រូពេទ្យ​ប្រើ​បំពង់ខ្យល់​អុក​ស៊ី​សែន​ដើម្បី​ជំនួយ ។

អ្នកជំនាញ​មក​ពី​ក្រសួងសុខាភិបាល​បាន​ធ្វើការ​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​ព្យាបាល​លើ​ស្ត្រី​រូប​នេះ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​មិន​បាន​ទទួល​ជោគជ័យ​នោះ​ទេ ក្រោយមក​ស្ត្រី​រូប​នេះ​ក៏​បាន​ទទួលមរណភាព​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ នេះ​តែ​ម្តង ។

បើ​តាម​ប្រ​ភ​ពី​សាស្ត្រាចារ្យ Nguyen Gia Binh អតីត​ប្រធាន​ផ្នែក​ថែទាំ​សុខភាព នៃ​មន្ទីរពេទ្យ​បាក​ម៉ៃ នៅ​ទីក្រុង​ហាណូយ បាន​និយាយ​ថា ការ​ស្លាប់​របស់​ស្ត្រី​រូប​នេះ​មិនមែន​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​ទេ ប៉ុន្តែ​ភាគច្រើន​ជា​ផលវិបាក​ទាក់ទង​នឹង​ជំងឺមហារីក​ឈាម ។

សូម​បញ្ជាក់​ផង​ដែរ​ថា ការ​ស្លាប់​ចំនួន​ពីរ​ករណី​ដំបូង​របស់​ប្រទេស​វៀតណាម​ដែល​ជា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ទី​៤២៨ និង​៤៣៧ ដែល​ក្រសួងសុខាភិបាល​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ក៏​សុទ្ធ​សឹង​បណ្តាល​មក​ពី​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា ជំងឺលើសឈាម ខ្សោយតំរងនោម និង​ទឹកនោមផ្អែម ៕

ប្រភព ៖ dtinews , ដោយ ៖ សំណាង