បរទេស៖ នារសៀលថ្ងៃសៅរ៌ ទី០១ ខែសីហា ឆ្នាំ២០២០ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន១នាក់ទៀត ដែលធ្វើឲ្យករណីស្លាប់បានកើនដល់៣នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress 

«អ្នកជំងឺលេខ៤៩៩» គឺជាស្ត្រីម្នាក់មកពីទីក្រុងដាណាង អ្នកជំងឺស្លាប់ទី៣ ដែលទីនោះផ្ទាល់គឺកំពុងមានការផ្ទុះឡើងនៃករណីជំងឺ COVID-19 ក្នុងសហគមន៍មួយសប្ដាហ៍មកហើយ។ សារព័ត៌មានក្នុងតំបន់បានរាយការណ៍ថា មូលហេតុនៃការស្លាប់ត្រូវបានគេកំណត់ថា បណ្ដាលមកពីអ្នកជំងឺមានជំងឺ Myelosuppression (ប៉ះពាល់ដល់ឈាមនិងខួរឆ្អឹង) មហារីកឈាម និងបញ្ហាផ្សេងទៀត ដែលបណ្ដាលឱ្យគាត់កាន់តែមានភាពទ្រុឌទ្រោមជាមួយជំងឺ COVID-19 ។

គាត់មានចេញរោគសញ្ញាគ្រុនក្តៅកាលពីថ្ងៃច័ន្ទ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុងដាណាងនៅថ្ងៃបន្ទាប់ និងបានធ្វើតេស្តរកឃើញថាមានជំងឺ COVID-19 នៅទីនោះ។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ ប្រទេសវៀតណាម បានរកឃើញករណីឆ្លងកូវីដ-១៩ សរុបចំនួន៥៥៨នាក់ ខណៈអ្នកត្រូវបានព្យាបាលសះស្បើយមានចំនួន៣៧៣នាក់ ព្រមទាំងមានករណីស្លាប់សរុបចំនួន៣នាក់ ៕