យោង​តាម​ប្រធាន​មន្ទីរ​វប្បធម៌ និង​កីឡា ទីក្រុង​ហាណូយ​លោក To Van Dong បានឱ្យ​ដឹង​ថា DJ ស្រី​ដ៏​ល្បី​របស់​វៀតណាម​ដែល​គេ​ស្គាល់​ថា DJ Ngan 98 នឹង​ត្រូវ​ព្យួរការងារ​របស់​ខ្លួន​រយៈពេល​៤​ខែ នៅ​ទីក្រុង​ហាណូយ និង​កន្លែង​ដែល​នាង​សម្តែង ហើយ​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​៤០​លាន​ដុ​ង (១,៧៣៩ ដុល្លារ​) ក្រោយ​ពី DJ ស្រី​រូប​នេះ​សម្តែង​នៅ​ក្នុង​កម្មវិធី​មួយ​ដែល​នាង​បញ្ចេញ​ភាព​សិច​ស៊ី​ជ្រុល ដោយ​បាន​ដោះ​សំលៀក​បំពាក់​រួច​បិទ​បាំង​ប្រដាប់​ភេទ​របស់​នាង​តែ​បន្តិច​ប៉ុណ្ណោះ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Vietnam Insider ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ។

បើ​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​បាន​បង្ហាញ​ថា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២០ វី​ដេ​អូ​ឃ្លី​ប​មួយ​ត្រូវ​បាន​គេ​បង្ហោះ​ពេញ​បណ្តាញ​សង្គម​បង្ហាញ​ពី​សកម្មភាព​សម្តែង​របស់ DJ Ngan 98 នៅ​អាង​ទឹក​នៃ​ពិធីជប់លៀង​មួយ​នៅ​ក្នុង​ក្លិប​កំសាន្ត New Star 3 ដោយ​ស្លៀក​ឈុត​ប៊ី​គី​នី​ខ្នាត​តូច​បិទ​បាំង​តែ​ប្រដាប់​ភេទ​តែ​បន្តិច​ប៉ុណ្ណោះ​ដែល​វា​ផ្ទុយ​ទៅ​នឹង​វប្បធម៌​នៃ​ច្បាប់​របស់​ប្រទេស ។

មន្ត្រី​នៃ​នាយកដ្ឋាន​បាន​ថា ៖«​នេះ​គ្រាន់តែ​ជា​ការ​ពិន័យ​ជា​បណ្តោះអាសន្ន​ប៉ុណ្ណោះ ។ យើង​នឹង​ស្នើ​ទៅ​ក្រសួង​វប្បធម៌​កីឡា និង​ទេសចរណ៍ អនុវត្ត​ការ​ព្យួរ​រាល់​សកម្មភាព​របស់​នាង​នៅ​ទូ​ទាំង​ប្រទេស​» ។

តាម​ប្រភព​នាយកដ្ឋាន​ក៏​បានឱ្យ​ដឹង​ទៀត​ថា ក្រុម​រាំង​របស់ DJ Ngan 98 ចំនួន​៨​នាក់​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះ​ក៏​នឹង​ត្រូវ​ផ្អាក​ការងារ​រយៈពេល​៤​ខែ​ដូច​គ្នា ដោយសារ​ការ​ស្លៀក​ឈុ​យ​ត​ប៊ី​គី​នី​សិច​ស៊ីពេល​សម្តែង​ជាមួយ​គ្នា ៕

ប្រភព ៖ Vietnam Insider , ដោយ ៖ សំណាង