ភ្នំពេញ ៖ បុរសម្នាក់មិនមានជំពាក់លុយនរណាទេ តែជំពាក់កម្មគេ ដោះស្រាយមិនចេញ បែរជាជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាថ្មី តែត្រូវបានបងប្អូនអ្នកនេសាទហែលទឹកទៅជួយស្រង់មកលើគោកវិញរួច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីនៅវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ នៅចំណុចរង្វង់មូលកួចកាណុងជ្រោយចង្វា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បុរសមានវិបត្តិក្នុងជីវិតរូបនេះ ឈ្មោះ ហឿន អាយុជាង៣០ឆ្នាំ មុខរបរជាចុងភៅ ស្នាក់កន្លែងធ្វើការ ។
មុនពេលកើតហេតុ គេឃើញបុរសរូបនេះ ជិះម៉ូតូមួយគ្រឿងម៉ាក អាយខន ពណ៌ផ្កាឈូក ស្លាកលេខភ្នំពេញ 1AG-3747 មកឈប់នៅលើស្ពានជ្រោយចង្វាថ្មី រួចលោតចូលទៅក្នុងទឹកទន្លេ បង្កឲ្យមានការភ្ញាក់ផ្អើលស្រែកឆោឡោពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍។ ភ្លាមៗនោះ មានបុរសក្លាហានម្នាក់ឈ្មោះ ម៉ូវ វន អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរច្រាំងទន្លេ បានហែលទឹកទៅជួយស្រង់យកបុរសនោះមកលើគោកវិញ និងជួយធ្វើចលនា រហូតដល់បុរសនោះដឹងខ្លួនវិញ។

ក្រោយពីបានដឹងខ្លួនវិញ បុរសរងគ្រោះឈ្មោះ ហឿន នេះបានត្រឹមអង្គុយយំរៀបរាប់យ៉ាងខ្លីថា “ជំពាក់លុយគេអាចរកសងគេវិញថ្ងៃណា ក៏បានដែរ តែបើជំពាក់កម្មគេ គឺពិបាករស់ណាស់ ” ៕