បរទេស៖ កាលពីល្ងាចថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីករណីស្លាប់ដោយសារកូវីដ-១៩ ចំនួន១នាក់ទៀត ដែលធ្វើឲ្យករណីស្លាប់បានកើនដល់២នាក់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress

ក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា អ្នកជំងឺដែលបានស្លាប់ដោយសារកូវីដ-១៩ មានអាយុ៦១ឆ្នាំ​​ ជាអ្នកជំងឺទី៤៣៧ ដែលមានទីលំនៅក្នុងស្រុកខេមលេដ ទីក្រុងដាណាង បានទទួលមរណភាពកាលពីយប់ថ្ងៃសុក្រ។ គាត់ត្រូវបានគេព្យាបាលជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃ ជំងឺលើសឈាម ទឹកនោមផ្អែម​ ជំងឺបេះដូង និងជំងឺរលាកសន្លាក់នៅមន្ទីរពេទ្យដាណាង អស់រយៈពេលជាយូរមកហើយ មុនពេលគាត់ត្រូវបានគេរកឃើញថាបានឆ្លងមេរោគកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ។

គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០ ប្រទេសវៀតណាម បានរកឃើញករណីឆ្លងកូវីដ-១៩ សរុបចំនួន៥៥៨នាក់ ខណៈអ្នកត្រូវបានព្យាបាលសះស្បើយមានចំនួន៣៧៣នាក់ ព្រមទាំងមានករណីស្លាប់សរុបចំនួន២នាក់ ៕