ភ្នំពេញ៖ ករណីមន្រ្តីនគរបាលខេត្តព្រៃវែង ៧នាក់ ពាក់ព័ន្ធចាប់យុវជន២នាក់យកទៅធ្វើទារុណកម្ម ហើយជម្រិតទារលុយ៤,០០០,០០០រៀល ជាថ្នូរនឹងការដោះលែងវិញនោះ មិនទាន់បញ្ចប់ត្រឹមការផ្អាកការងារបណ្ដោះអាសន្នពួកគេនោះទេ អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងបន្តនីតិវិធីដោយបើកការស្រាវជ្រាវថែមទៀត។

ថ្មីៗនេះ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ការផ្អាកការងារបណ្តោះអាសន្នរបស់ស្នងការរង និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទាំង៧រូបនោះ គ្រាន់តែជាជំហានទី ១ប៉ុណ្ណោះ។ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យនាយកដ្ឋានបុគ្គលិកធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតបន្តទៀត ដើម្បីឈានទៅដល់ការដាក់វិន័យតាមទម្ងន់ទោស ឬក៏ការអនុវត្តច្បាប់។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្ថែមថា ករណីនេះ នាយឧត្តមសេនីយ៍អគ្គស្នងការ នេត សាវឿន បានដាក់ចេញវិធានការ៣ចំណុចភ្លាមៗជាបន្ទាន់ រួមមាន៖
១៖ លោកបានបញ្ជាឲ្យស្នងការខេត្តព្រៃវែង ចុះទៅជួបជាមួយនឹងអាជ្ញាធរឃុំស្រុក ដើម្បីជួបគ្រួសារដែលត្រូវរងការគៀបសង្កត់យកលុយយកកាក់នោះ ដើម្បីធ្វើការសុំទោសចំពោះការខុសឆ្គង ដែលមន្ត្រីខ្លួនបានប្រព្រឹត្ត។
២៖ ប្រមូលប្រាក់យកទៅសងប្រជាពលរដ្ឋវិញ។
៣៖ បន្តចាត់វិធានការស៊ើបអង្កេតបន្ថែមទៀតលើមន្ត្រីទាំងនោះ។

មន្រ្តីនគរបាលខេត្តព្រៃវែង ៧នាក់ ដែលថ្នាក់លើផ្អាកការងារបណ្តោះអាសន្ននេះ រួមមាន៖ ឧត្តមសេនីយ៍ត្រី ថោង វណ្ណឌី ស្នងការរងទទួលផ្ទុកផែនការងារប្រឆាំងគ្រឿងញៀន, វរសេនីយ៍ឯក ពៅ ជីវ័ន នាយការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ទូច ធារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ស៊ី បូ នាយផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក ហេង ចាន់រតនា មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន, អនុសេនីយ៍ឯក សៀក ចាន់ធឿន មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន និងអនុសេនីយ៍ទោ យុន តារាស័ក្ត មន្ត្រីនៃការិយាល័យប្រឆាំងគ្រឿងញៀន។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០៖៣០នាទី កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន នៅចំណុចមុខក្លោងទ្វាវត្តរោងដំរី ស្ថិតនៅភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។
ប្រតិបត្តិការនោះ សមត្ថកិច្ចបានចាប់ជនសង្ស័យឈ្មោះ ថៃ សាមាឌ ភេទប្រុស អាយុ២៦ឆ្នាំ និងឈ្មោះ ហឿន រ័ត្ន ភេទប្រុស អាយុ២៨ឆ្នាំ។

ជនសង្ស័យបានអះអាងថា មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រៃវែង បានដកកាំភ្លើងខ្លីពីចង្កេះរួចវាយក្បាលពួកគេ និងហៅបក្ខពួកមកព្រួតគ្នាចាប់វ៉ៃក្រៀកយកទៅការិយាល័យធ្វើទារុណកម្ម ហើយជម្រិតទារលុយបានសម្រេច ៤,០០០,០០០រៀលទៀតផង ជាថ្នូរនឹងការដោះលែងវិញ៕