រាជធានី​ភ្នំពេញ ៖ ពាក្យ​សម្ដី​ប៉ុន្មាន​ម៉ាត់​របស់​ពិធីករ​លោក តា​ប៊ុ​យ ពិធី​ការិនី កញ្ញា​ជី​មមី នៅ​ទូរទស្សន៍​ម៉ា​យ​tv ក្នុង​កម្មវិធី​ពេញចិត្ត​ឬ​អត់ ដែល​ហាក់​បន្ដុះបង្អាប់​ពិធីករ ពិធី​ការិនី នៅ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​) ធ្វើ​ឲ្យ​ពិធី​ការិនី​ម្នាក់ ទូរទស្សន៍ ទ​ទក ដែល​មាន​ជំនាញ​ចាស់វស្សា និង​ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន ទូរទស្សន៍​ជាតិ​កម្ពុជា ចេញ​មក​រិះគន់ និង​ប្រតិកម្ម​ទាមទារ​ឲ្យ​ពន្យល់​សាធារណជន​បានដឹង​ពី​សម្តី​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពិធីករ​ពិធី​ការិនី នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា ។

ថ្មី​ៗ​នេះ ពិធីករ​ដ៏​ឆ្នើម​លោក តា​ប៊ុ​យ នៅ​ក្នុង​កម្មវិធី​ពេញចិត្ត​ឬ​អត់ ប្រើ​ពាក្យ​សម្តី​ទៅ​ពិធី​ការិនី កញ្ញា​ជី​មមី ថា “​និយាយ​សុភាព​ចឹ​ង ប្អូន​អាច​ប្តូរ​ទៅ​ធ្វើការ​នៅ​ទ​ទក​បាន​..(​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​)” ខណៈ​ពេល​ដែល​កម្មវិធី​ពេញចិត្ត​អត់ កំពុងធ្វើការ​ចាក់​ផ្សាយ​ផង​ដែរ ។

បើ​គណនី​បណ្តាញ​សង្ក​ម​ហ្វេ​ស​ប៉ុក Leakana QR របស់​ពិធីការនី​ជើង​ចាស់​ដែល​មានបទពិសោធន៍​ជាង​២០​ឆ្នាំ​មក​ហើយ បាន​បង្ហោះ​វី​ដេ​អូ​សកម្មភាព​ការ​និយាយ​របស់ តា​ប៊ុ​យ អម​ដោយសារ មួយ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​អត្ថន័យ​ខ្លឹមសារ​ដូច្នេះ​ថា ៖ ថា​មិន​ខឹង​ទេ តែ​មើល​ហើយ​មើល​ទៀត​ទ្រាំ​មិន​បាន​!

ក្នុង​នាម​ជា​ពិធី​ការិនី​មួយ​រូប​របស់​ស្ថាប័ន​ជាតិ ទ​ទក ខ្ញុំ​ពិតជា​សោកស្តាយ​ដែល​ពិធីករ​និង​ពិធី​ការិនី កម្មវិធី​ពេញចិត្ត​ឬ​អត់ របស់​ MYTV យក​តម្លៃ​នៃ​អត្ត​ច​រិ​ក សីលធម៌ សុ​ជីវភាព និង ក្រម​វិជ្ជាជីវៈ​របស់​យើងខ្ញុំ​ជា​ពិធីករ ពិធី​ការិនី មក​លេងសើច​កំប្លុកកំប្លែង ។

ខ្ញុំ​សូម​ឲ្យ​ប្អូន​ៗ​សូមទោស​ជា​សាធារណៈ​ចំពោះ​សម្តី​ដែល​បាន​និយាយ​ទោះជា​ចេតនា រឺ​អ​ចេតនា​ក៏​ដោយ
១/​ពាក្យ​ដែល​ពិធីករ​និយាយ​ថា សុភាព​អាច​ទៅ​ធ្វើការ​នៅ​ទ​ទក​បាន​(​ខ្ញុំ​មិន​ចាប់កំហុស​ទេ​)
២/​ពិធី​ការិនី និយាយ និង សំ​លេងសើច ខ្លាច​គេ​ដេញ​ទៅ​ធ្វើការ​នៅ​ទ​ទក (​បាន​ន័យ​ថា​ម៉េច​ខ្លាច​គេ​ដេញ​ហ្នឹង​! សូម​ជួយ​ពន្យល់ ? រួម​ទាំង​សំ​លេងសើច​បាន​ន័យ​ថា​ម៉េច ?​)

ខ្ញុំ​សូម​ភ្ជាប់​សំ​ណេ​រលោក​ជំទាវ កុ​ច មារ​តី ដែល​ជា​រៀមច្បង​ខ្ញុំ, ខ្ញុំ​មិនមែន​ជា​មនុស្ស​ឥត​ខ្ចោះ​ដែល​មិន​ចេះ​ខុស
គង​នោះ​ទេ តែ​បទ​ពិសោធ​ន៏​ការងារ​ជា​អ្នក​អាន ជា​អ្នក​អត្ថាធិប្បាយ ជា​ពិធីការនី ជាង ២០​ឆ្នាំ​មកនេះ ល្មម​អាច​ចែករំលែក​ជូន​ប្អូន​ៗ ជា​អ្នក​អត្ថាធិប្បាយ ជា​ពិធីករ ពិធីការនី ជំនាន់​ក្រោយ​បាន ដឹង​ខ្លះ​ៗ ថា​ជា​ពិធីករ ពិធីការនី​ត្រូវ​តែ ៖

– ប្រុង​ប្រយ័ត្ន​រាល់​ពាក្យ​ពេ​ច​ន៏​និយាយ​ស្តី​ចេញមក ត្រូវ​ដឹង​ថា​វា បាន​ចូល​ត្រចៀក​អ្នក​ស្តាប់ អ្នក​មើល​រាប់​ពាន់ រាប់​ម៉ឺន​នាក់ ក្នុង​ពេល​តែ​មួយ ដូច្នេះ ត្រូវ​ប្រាកដ​ក្នុង​ចិត្ត កុំអោយ​ពាក្យ​ពេ​ច​ន៏ ដែល​យើង​និយាយ​ចេញ​មក​ក្លាយជា​អាវុធ​មុខ​២

– ចាំ​ថា ជា​មនុស្ស​សាធារណៈ គ្រប់យ៉ាង​ដែល យើង​និយាយ យើង​សម្តែង ចេញ​ទៅ អ្នក​ស្តាប់ អ្នក​មើល ចង់​ឬ​មិន​ចង់ គេ​គិត​និង​ជឿ ថា​វា​ត្រូវ វា​ល្អ គេ​នឹង​យកតម្រាប់​តាម ដូច្នេះ​ត្រូវ​ស្រាវជ្រាវ​អោយ​ច្បាស់ មុន​និង​និយាយ​ឬ​បង្ហាញ ។

– ចាំ​ថា ខ្លួន​យើង​ជា​កោសិកា​មួយ​របស់​សង្គម​ដែល​មានឱកាស​ជាង​មនុស្ស​ទូទៅ ក្នុង​ការ​ជួយ សង្គម​ជាតិ តាម​រយៈ ការ​និយាយ ការ​សម្តែង ចូលរួម​អប់រំ រក្សា​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជា​គំរូរ​អោយ​មនុស្ស​ជំនាន់​ក្រោយ​ៗ ស្រប​តាម ពាក្យស្លោក « បុរាណ​មិនយឺត សម័យ​មិន​បរទេស » ។

– ចាំ​ថា យើង​មិនមែន​ជា​តុលាការ មិនមែន​ជា​គ្រូបង្រៀន មិនមែន​ជា​គ្រូពេទ្យ ដែល​កាត់ក្តី ដែល​បង្រៀន និង ផ្តល់​ដំបូន្មាន​លើ​ការ​ព្យាបាល ដល់​ប្រិ​យ​មិត្ត​ខ្លួន​ឡើយ យើង​ត្រឹម​ជា​អ្នក​ពាំនាំ​អ្វីដែល​ពិត មាន​អំណៈ​អំ​ណា​ង​ត្រឹមត្រូវ​ច្បាស់លាស់ ជូន​ប្រិ​យ​មិត្ត​ប៉ុណ្ណោះ រក្សា​ជំហរ​កណ្តាល មិន​លម្អៀង មាន​ហេតុផល មាន​ទឡ្ហី​ករ​ណ៏ ច្បាស់លាស់​ចំពោះ​រឿងរ៉ាវ​ដែល លើក យក​មក​វិភាគ​ក្នុង​កម្មវិធី​របស់​ខ្លួន​មិន​វាយប្រហារ ឬ ប៉ះពាល់​សិទ្ធ​របស់​គេ ។

ក្រោយពីបានពិធីការនីនៅ​ស្ថានីយ៍ទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​) មានប្រតិកម្ម ពេលនេះគេមិនទាន់ឃើញ លោក តាប៊ុយ បកស្រាយពីបញ្ហានេះនៅឡើយទេ ៕