ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​លើក​ឡើង​ពី​គំនិត​ចង់​ពន្យា​ពេល​ការ​បោះ​ឆ្នោត​សហរដ្ឋអាមេរិក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាង​មុខតែ​ត្រូវ​បាន​សមាជិក​សភា​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​បាន​ច្រានចោល​ភ្លាម​ៗ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ។

ក្រុម​អ្នក​រិះគន់ និង​សូ​ម្បី​តែ​សម្ព័ន្ធមិត្ត​របស់​លោក ត្រាំ បាន​ច្រានចោល​គំនិត​នេះ​ដោយ​លើក​ឡើង​ថា ជា​ការ​ប៉ុនប៉ង​ពន្យា​ការ​បោះ​ឆ្នោត​នេះ​ដើម្បី​បង្វែរ​ស្ថានការណ៍​ដែល​កំពុង​បំផ្លិចបំផ្លាញ​សេដ្ឋកិច្ច ប៉ុន្តែ​អ្នកជំនាញ​ច្បាប់​មួយ​ចំនួន​បាន​ព្រមាន​ថា ការ​វាយប្រហារ​ម្តង​ហើយ​ម្តងទៀត​របស់​លោក ត្រាំ អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ជំនឿ​របស់​អ្នកគាំទ្រ​របស់​លោក​ចំពោះ​ដំណើរការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក ។

សេចក្តីថ្លែងការណ៍​របស់​លោក ត្រាំ នៅ​លើ​បណ្តាញ​សង្គម Twitter កើតឡើង​នៅ​ពេល​ដែល​សហរដ្ឋអាមេរិក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​ពហុ​ជាតិ​ដែល​កើត​មាន​ជា​យូរ​មក​ហើយ និង​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ១៥០,០០០ នាក់ ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​នេះ និង​ការ​តវ៉ា​ទូ​ទាំង​ប្រទេស​ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​ប៉ូលិស​លើ​ជនជាតិ​ស្បែក​ខ្មៅ និង​ការ​រើសអើង​ជាតិ​សាសន៍​ជាដើម ។

តាម​ការ​ស្ទង់​មតិ​រវាង​លោក ត្រាំ ដែល​បង្ហាញ​ពី​ការ​ប្រជែង​គ្នា​ជាមួយ​បេក្ខភាព​ប្រជែង​តំណែង​ប្រ​ធានា​ធីប​តី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​និយាយ​ថា លោក​នឹង​មិន​ជឿ​ទុកចិត្ត​លើ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ដែល​រាប់​បញ្ចូល​ទាំង​ការ​ចុះ​ឈ្មោះ​តាម​អ៊ី​ម៉ែ​ល​នោះ​ទេ ដោយ​គ្មាន​ភ័ស្តុតាង​គាត់​បាន​អះអាង​ថា ការ​ប្រមូល​សន្លឹក​ឆ្នោត​តាម​អ៊ី​ម៉ែ​លអាច​នឹង​មានការ​លួច​បន្លំ ៕

ប្រភព ៖ Reuters , ដោយ ៖ សំណាង