ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ទីក្រុង​តេ​រ៉​ង់​ត្រូវ​បាន​រៀបចំ​ឡើង​វិញ បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ កាលពី​ឆ្នាំ​២០១៨​ ​បាន​ប្រកាស​ដក​ជា​ឯកតោភាគី​ចេញពី​ផែនការ​សកម្មភាព​ចម្រុះ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៥ ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អា​មេ​រិ​ក​-​អ៊ី​រ៉​ង់ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ ។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែកក្កដា ឆ្នាំ​២០២០ ថា​រដ្ឋបាល​លោក ត្រាំ នឹង​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​វត្ថុធាតុដើម​លោហៈ​របស់​ខ្លួន​ប្រឆាំង​នឹង​អ៊ី​រ៉​ង់ ដើម្បី​គ្របដណ្តប់​លើ​សម្ភារ​ចំនួន​២២​បន្ថែម​ទៀត​ដែល​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​កម្មវិធី​ផលិត​របស់​អ៊ី​រ៉​ង់ ។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​បន្ត​ថា សព្វថ្ងៃ​ក្រសួងការបរទេស​អា​មេ​រិ​ក​កំពុង​កំណត់​អត្តសញ្ញាណ​សម្ភារ​ជាក់លាក់​ចំនួន​២២​មុខ​ដែល​ជា​វត្ថុ​ធាតុ​ត្រូវ​ប្រើ​យក​ទៅ​ផលិតកម្ម​វិធី​នុយក្លេអ៊ែរ ឬ​មី​ស៊ី​ល​ផ្លោង​របស់​អ៊ី​រ៉​ង់ ។ សម្ភារ​ទាំងនោះ​ដែល​ដឹក​ទៅ​អ៊ី​រ៉​ង់​ឥឡូវនេះ​ត្រូវ​បាន​អនុវត្ត​តាម​មាត្រា​១២៤៥ នៃ​ច្បាប់​សេរីភាព និង​ប្រឆាំង​ការ​សាយភាយ​អ៊ី​រ៉​ង់ ។

លោក Mike Pompeo ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា ក្រុមហ៊ុន​សាងសង់ IRGC និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ជា​ច្រើន​នៅ​តែ​ត្រូវ​បាន​អនុម័ត​ដោយ​អង្គការសហប្រជាជាតិ​ដោយ​អះអាង​ថា ពួក​គេ​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ការ​សាងសង់​កន្លែង​បង្កើន​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​នៅ Fordow ដែល​ជា​សារធាតុ​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ ។

សេចក្តីថ្លែងការណ៍​បាន​និយាយ​ថា ៖«​ជា​លទ្ធផល​នៃ​ការ​ប្តេជ្ញា​ចិត្ត​របស់ IRGC នេះ​រាល់​ការ​ផ្ទេរ​វត្ថុធាតុដើម​ជាក់លាក់​រួម​ទាំង​ក្រា​ហ្វិ​ច ឬ​លោហៈធាតុ​ឆៅ ឬ​ពាក់កណ្តាល​សម្រេច​ទៅ​អ៊ី​រ៉​ង់​ត្រូវ​តែ​ដាក់​ទណ្ឌកម្ម​» ។

កាលពីដើម​ខែកក្កដា​ទីក្រុង​តេ​រ៉​ង់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ជុំវិញ​ផល​ប៉ះពាល់​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន ស្រប​ពេល​មានការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​វីរុស​កូ​វី​ដ​១៩​ដែល​បង្ហាញ​ថា មិន​ត្រឹមតែ​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ប្រេង​របស់​ប្រទេស​អ៊ី​រ៉​ង់​បាន​ទទួល​រង​ផល​ប៉ះពាល់​នោះ​ទេ ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ប្រឹងប្រែង​របស់​អ៊ី​រ៉​ង់​ក្នុង​ការ​ដោះស្រាយ​ផង​ដែរ ។ សាធារណរដ្ឋ​អ៊ិ​ស្លា​ម​មួយ​នេះ​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺឆ្លង​កូ​វី​ដ​១៩​ច្រើន​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់​ដោយ​បច្ចុប្បន្ន​មាន​ករណី​កូ​វី​ដ​១៩​ចំនួន​ជាង​២៩០០០០​ករណី ។

ប្រទេស​មួយ​ចំនួន​រួម​ទាំង​រុ​ស្ស៊ី ចិន និង​សូ​ម្បី​តែ​សមាជិក​សភា​អា​មេ​រិ​ក​ខ្លះ​ក៏​បាន​ជំរុញ​ឱ្យ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ដក​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​អ៊ី​រ៉​ង់​ចំ​ពេល​មានការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​នេះ ។ លោក Mike Pompeo បាន​អះអាង​ថា ទណ្ឌកម្ម​នេះ​មិន​បាន​រារាំង​អ៊ី​រ៉​ង់​ពី​ការ​ទទួល​ជំនួយ​មនុស្សធម៌​នោះ​ទេ ។

ប្រធានាធិបតី​អ៊ី​រ៉​ង់ Hassan Rouhani (​ហា​សាន់ រូ​ហា​នី​) បាន​ប៉ាន់​ប្រមាណ​ថា ការ​ខូចខាត​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ី​រ៉​ង់​ដែល​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​មាន​ចំនួន​ប្រហែល ៥០ ពាន់​លាន​ដុល្លារ ។

ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ៊ី​រ៉​ង់​ត្រូវ​បាន​ដាក់​ជា​ថ្មី​បន្ទាប់​ពី​លោក ត្រាំ កាលពី​ឆ្នាំ​២០១៨ បាន​ដក​សហរដ្ឋអាមេរិក​ជា​ឯកតោភាគី​ចេញពី​ផែនការ​សកម្មភាព​រួម (JCPOA) ដែល​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៥ ដែល​បាន​មើលឃើញ​ថា ទីក្រុង​តេ​រ៉​ង់​ធ្វើ​មាត្រដ្ឋាន​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​ថ្នូរ​នឹង​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម ។

បន្ទាប់​ពី​ការ​ចាកចេញ​របស់​សហរដ្ឋអាមេរិក​ពី​កិច្ចព្រមព្រៀង​នេះ​ទីក្រុង​តេ​រ៉​ង់​បាន​ប្រកាស​ថា ខ្លួន​នឹង​ចាក​ចេញពី​ការ​កិច្ចសន្យា​នុយក្លេអ៊ែរ​របស់​ខ្លួន​ដោយ​កត់​សម្គាល់ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​នៅ​តែ​មាន​សន្តិភាព​ពេញលេញ​ដដែល ៕

ប្រភព ៖ Sputnik , ដោយ ៖ សំណាង