កាលពីដើម​ស​ប្តា​ហ៍​នេះ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ​របស់​សហរដ្ឋអាមេរិក​ឈ្មោះ Moderna Stephane Bancel បាន​ប្រកាស​ថា ពួក​គេ​បាន​ចាប់ផ្តើម​សាកល្បង​ដំណាក់កាល​ទី​៣ នៃ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ហើយ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputniknews ដែល​បាន​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២០ នេះ ។

កាសែត Financial Times (FT) បាន​ដកស្រង់​ប្រភព​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក​ឈ្មោះ​ថា Moderna គ្រោង​នឹង​ដាក់​តម្លៃ​វ៉ាក់សាំង COVID-19 របស់​ខ្លួន​ក្នុង​តម្លៃ​ប្រហែល​ពី ៥០ ទៅ ៦០ ដុល្លារ​ក្នុង​មួយ​វគ្គ​តែ​ក្រុមហ៊ុន​នេះ​មិន​បាន​បញ្ជាក់​នោះ​ទេ​ថា​តើ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺឆ្លង​កូ​វី​ដ​១៩​នេះ​មាន​ប៉ុន្មាន​វគ្គ​ដោយ​អះអាង​ថា វា​ជា​ការ​សម្ងាត់​របស់​ក្រុមហ៊ុន ។ ការ​ស្នើ​សុំ​តម្លៃ​ចាក់​វ៉ាក់សាំង​ដែល​គេ​ឱ្យឈ្មោះ​ថា mRNA-1273 នឹង​ត្រូវ​អនុវត្ត​ចំពោះ​សហរដ្ឋអាមេរិក និង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់ ។

ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​របា​ន​ដកស្រង់​ចេញផ្សាយ​ថា តម្លៃ​ចុង​ក្រោយ​សម្រាប់​វ៉ាក់សាំង​ម៉ូ​ស្តា​ណា​មិន​ទាន់​ត្រូវ​បាន​កំណត់​នៅឡើយ​ទេ ខណៈ​ដែល​ក្រុមហ៊ុន​បាន​បន្ត​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​អំពី​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង mRNA-1273 ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា​របស់​សហរដ្ឋអាមេរិក​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ស្តី​ពី​ការ​កំណត់​តម្លៃ​ដែល​សម្រាប់​ដាក់​ចេញ​ជា​សាធារណៈ​ដោយ​បាន​និយាយ​ថា វា​ជា​ការ​សម្ងាត់​ព្រោះ​ទាក់ទង​ទៅ​នឹង​កិច្ច​ពិភាក្សា និង​កិច្ចសន្យា ។

ក្រុមហ៊ុន​ជីវ​បច្ចេកវិទ្យា Moderna Stephane Bancel រួម​ជាមួយ​វិទ្យាស្ថាន​សុខភាព​ជាតិ​អា​មេ​រិ​ក (NIH) ដែល​ចាប់ផ្តើម​ការ​សាកល្បង​ដំណាក់កាល​ទី​៣ ដោយ​ឱ្យឈ្មោះ​ថា COVE (Coronavirus Efficacy) នៃ​ប្រសិទ្ធិ​ភាព​វ៉ាក់សាំង mRNA-1273 ដែល​នឹង​មាន​អ្នកចូលរួម​ប្រហែលជា​៣០០០០​នាក់​នៅ​សហរដ្ឋអាមេរិក ។

សេចក្តីថ្លែងការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ថា ខ្លួន​បាន​ទទួល​ប្រាក់​ចំនួន ៤៧២ លាន​ដុល្លារ​ពី​អាជ្ញាធរ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជីវសាស្ត្រ (BARDA) របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដើម្បី​គាំទ្រ​ដល់​ការ​ស្រាវជ្រាវ​ដែល​ទាក់ទង​នឹង​វ៉ាក់សាំង​ការពារ​ជំងឺឆ្លង​កូ​វី​ដ​-១៩​ដែល​គេ​ហៅ​ថា​វ៉ាក់សាំង mRNA-1273 ហើយ​កាលពី​ខែមេសា​កន្លង​ទៅ​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ Moderna ក៏​បាន​ទទួល​ទឹកប្រាក់​ចំនួន ៤៨៣ លាន​ដុល្លារ​ផង​ដែរ​ពី BARDA ។

នៅ​ក្នុង​ការ​អភិវឌ្ឍ​ដាច់​ដោយឡែក​មួយ​កាលពី​ស​ប្តា​ហ៍​មុន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចំណាយ​ថវិកា​ចំនួន ១,៩៥ ពាន់​លាន​ដុល្លារ​សម្រាប់​ផលិត​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វី​ដ​១៩​ចំនួន​១០០​លាន​ដូ​ស​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Pfizer ចាប់ដៃ​គូរ​សហការ​ជាមួយ​ក្រុមហ៊ុន BioNTech ជាមួយនឹង​ជម្រើស​ផលិត​បន្ថែម​ដល់​ទៅ ៥០០ លាន​ដូ​សទៀត​នៅ​ថ្ងៃក្រោយ ។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក៏​បាន​ប្តេជ្ញា​ចិត្ត​ទម្លាក់​កញ្ចប់​ថវិការ​រហូត​ដល់ ១,២ ពាន់​លាន​ដុល្លារ​ដល់​ក្រុមហ៊ុន​ផលិត​ឱសថ​យក្ស អង់គ្លេស​-​ស៊ុ​យ​អែ​ត គឺ​ក្រុមហ៊ុន AstraZeneca ដើម្បី​គាំទ្រ​ការងារ​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩​របស់​សាកលវិទ្យាល័យ Oxford ៕

ប្រភព ៖ Sputniknews , ដោយ ៖ សំណាង