វៀតណាម ៖ នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០ ទូរទស្សន៍ជាតិវៀតណាម បានចេញផ្សាយថា ករណីជំងឺកូវីដ១៩ ត្រូវបានរកឃើញនៅរដ្ឋធានីហាណូយ និងក្រុងពាណិជ្ជកម្មហូជីមិញ ព្រមទាំងនៅតំបន់ដាំកាហ្វេ ភាគកណ្តាលវៀតណាម ហើយទីក្រុងធំៗទាំងនេះ ប្រឈមនឹងផ្ទុះជំងឺកូវីដ១៩ រលកទី២ខ្លាំងណាស់។

ទូរទស្សន៍វៀតណាម VTV បានផ្សាយថា ការឆ្លងជំងឺកូវីដ១៩ សាជាថ្មីនៅក្នុងប្រទេសវៀតណាមនេះ មកពីមានចលនាមនុស្សរវាងតំបន់ទាំងនេះ និងក្រុងដាណាំងភាគកណ្តាល ដែលកន្លែងការផ្ទុះកូវីដ១៩ ក្នុងសហគមន៍ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ។ តែទោះជាយ៉ាងណា ក្រសួងសុខាភិបាលវៀតណាម មិនបានបញ្ជាក់ថា មានការផ្ទុះកូវីដ១៩ នៅក្រុងហាណូយ និងហូជីមីញ ទេ។

គិតមកត្រឹមព្រឹកថ្ងៃពុធ ក្រុងហាណូយមានរយៈពេល១០៧ថ្ងៃជាប់គ្នា ដែលគ្មានការឆ្លងកូវីដ១៩ក្នុងសហគមន៍ រដ្ឋធានីនេះប្រឈមនឹងការផ្ទុះជំងឺនេះខ្ពស់បំផុតដោយសារតែមនុស្សយ៉ាងច្រើនបានវិលពីក្រុងដាណាំង ដែលឥឡូវជាមណ្ឌលផ្ទុះកូវីដ១៩ក្នុងសហគមន៍នៅវៀតណាម។

លោកង្វៀន ឌឹក ជុង ប្រធានក្រុងហាណូយ បានឲ្យដឹងថា មនុស្សប្រមាណ១៥ ០០០ទៅ២០០០០នាក់បានវិលពីដាណាំង មកក្រុងហាណូយ។ ពេលនេះ អាជ្ញាធរក្រុងហាណូយ កំពុងព្យាយាមទប់ស្កាត់កុំឲ្យយមានការឆ្លងរាលដាលនៃជំងឺកូវិដបន្តទៀត បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ១៩ លើកដំបូងលើបុគ្គលិកនៅភោជនីយដ្ឋានពីហ្សា មួយនៅទីនោះ។

នៅព្រឹកថ្ងៃពុធ នេះ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួន៨ករណីទៀត នៅក្រុងដាណាំង នាំឲ្យតួលេខចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ចាប់តាំងពីចុងសប្តាហ៍មកកើនដល់៣០នាក់។

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ នៅប្រទេសវៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤៤៦នាក់ អ្នកជាសះស្បើយជិត៨៣ភាគរយ នៃអ្នកជំងឺទាំងអស់ ក្នុងនោះមិនមានអ្នកស្លាប់ឡើយ៕

ដោយ៖ សុភាព២