នាយករដ្ឋមន្រ្តីប្រទេសកាហ្សាក់ស្ថានលោក Askar Mamin បានអំពាវនាវឱ្យពន្លឿនការអភិវឌ្ឍ នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក(E-Commerce) នៅក្នុងប្រទេស។

លោកនាយករដ្ឋមន្រ្តី បាននិយាយនៅក្នុងសម័យប្រជុំរបស់រដ្ឋាភិបាលថា នៅឆមាសទីមួយនៃឆ្នាំ ២០២០ បរិមាណនៃការលក់រាយតាមប្រព័ន្ធអេឡិចត្រូនិច នៅក្នុងប្រទេស បានកើនឡើងជាង ១,៥ ដង បើប្រៀបធៀបទៅនឹងឆ្នាំមុន។

លោក Mamin ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចដែលកំពុងរីកចម្រើនត្រូវបានគេរំពឹងថានឹងពន្លឿនការអភិវឌ្ឍផ្នែកដឹកជញ្ជូន សេវាកម្មឌីជីថល និងវិស័យផ្សេងទៀត ហើយនឹងបង្កើតការងារថ្មីចំនួន ៣០ ម៉ឺនកន្លែងនៅឆ្នាំ ២០២៥ ។

គួរកត់សម្គាល់ថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មានទស្សនវិស័យដ៏អស្ចារ្យនៅក្នុងប្រទេសអាស៊ីកណ្តាលនេះ ដែលលោក Mamin បាននិយាយថារដ្ឋាភិបាលរបស់លោកមានភារកិច្ចធ្វើឲ្យងាយស្រួល នីតិវិធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដោយផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកលក់រាយតាមអ៊ិនធើណេត និងបង្កើនទំនុកចិត្តសាធារណៈចំពោះការទិញទំនិញតាមអ៊ីនធឺណេត។

លោកនាយករដ្ឋមន្រ្តី បានណែនាំដល់ក្រសួងពាណិជ្ជកម្មនិងសមាហរណកម្ម ក្រសួងការងារ និងហាងលក់តាមអ៊ិនធឺរណែតធំៗ ដើម្បីបង្កើតកម្មវិធី បណ្តុះបណ្តាលដល់សហគ្រិន អនុញ្ញាតឱ្យពួកគេផ្ទេរអាជីវកម្មរបស់ពួកគេតាមអ៊ិនធើណេតវិញ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងសមាហរណកម្ម លោក Bakhyt Sultanov បានលើកឡើងថា​ ក្រុមហ៊ុនប្រទេសកាហ្សាក់ស្ថាន ត្រូវបាននាំយកទៅក្នុងវេទិកាពាណិជ្ជកម្មតាមអ៊ិនធើណេតអន្តរជាតិ ដូចជា Alibaba, Amazon, Yandex, Ozon និង Shopify ដោយនិយាយថា ក្រុមហ៊ុនចំនួន ៥០ ត្រូវបានជ្រើសរើសដើម្បីផ្តល់សិទ្ធិដល់វេទិកា Alibaba ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់មាស (Gold Supplier) ។