រាជធានីភ្នំពេញ៖ ដោយមើលឃើញអំពីតម្រូវការទឹកស្អាតចាំបាច់បំផុតសម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២០នេះ បានផ្តល់ជូនម៉ាស៊ីនចម្រុះទឹកស្អាតដែលប្រើបច្ចេកវិទ្យាខ្ពស់ចំនួន៥គ្រឿងដល់មន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ ។

មន្ទីរពេទ្យដែលទទួលបានម៉ាស៊ីនចម្រុះទឹកស្អាតនោះរួមមាន៖ ១-មន្ទីរពេទ្យគន្ធបុប្ផា ចំនួន១ គ្រឿង, ២-មន្ទីរពេទ្យកាល់ម៉ែត ចំនួន១ គ្រឿង, ៣-មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន១ គ្រឿង, ៤-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន១ គ្រឿង និង, ៥-កាកបាទក្រហមកម្ពុជា ចំនួន១ គ្រឿង (រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌នៅតាមមជ្ឈដ្ឋានទីសាធារណៈក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ទឹកស្អាតជាចាំបាច់)។

លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណៈការ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញប្រគល់ម៉ាស៊ីនចម្រោះទឹកខាងលើជូនទៅតំណាងមន្ទីរពេទ្យដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

ម៉ាស៊ីនផលិតទឹកបរិសុទ្ធដោយបរិយាកាសធម្មជាតិ- WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យារបស់ប្រទេសអ៊ីស្រាអែល មានសមត្ថភាពផលិតទឹកបរិសុទ្ធដោយស្វ័យប្រវត្តិពីខ្យល់ក្នុងបរិយាកាស (បានប្រមាណ ៨០០ លីត្រ ក្នុងមួយថ្ងៃ) ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ដែលអាចចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផ្សេងៗ ថែមទៀតផង៕