កាលពី​ខែ​មុន ក្រសួង​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ប្រទេស​ឥណ្ឌា​បាន​ធ្វើការ​ហាមឃាត់​កម្មវិធី​ទូរ​សព្ទ​របស់​ប្រទេស​ចិន ចំនួន ៥៩ កម្មវិធី​រួច​មក​ហើយ ដែល​មាន​ដូច​ជា TikTok WeChat និង UC Browser ជាដើម​។ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​កំពុង​តែ​ធ្វើការ​ត្រួតពិនិត្យ​ដើម្បី​ហាមឃាត់​កម្មវិធី​ដែល​មាន​ដើម​កំណើត​ចិន​ចំនួន ២៧៥ បន្ថែម​ទៀត ក្នុង​នោះ​រួម​ទាំង​ហ្គេ​ម​ដ៏​ពេញ​និយម​មួយ​ផង​ដែរ​គឺ PlayerUnknown’s BattleGround (PUBG) និង​កម្មវិធី​តន្ត្រី Resso របស់ ByteDance​។

យោង​តាម​របាយការណ៍​ពី The Economic Times បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​បាន​រៀបចំ​តារាងបញ្ជី​ឈ្មោះ​កម្មវិធី​ទាំងនោះ​ជា​ផ្លូវការ​រួច​ស្រេច​ហើយ ដើម្បី​ធ្វើការ​ហាមឃាត់​។ មិន​ត្រឹមតែ​កម្មវិធី​កំសាន្ត និង​ហ្គេ​ម ដ៏​ពេញ​និយម​ខាងលើ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មានកម្ម​វិធី​ទិញ​ទំនិញ​តាម​អន​ឡាញ ដូច​ជា AliExpress មក​ពី​ក្រុមហ៊ុន Alibaba និង​កម្មវិធី​ចែករំលែក​រូបថត ULike ផង​ដែរ​។

មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​បិទ​កម្មវិធី​ជា​លើក​ដំបូង​នោះ គឺ​ក្រោយ​ពី​ប្រទេស​ឥណ្ឌា​ពិនិត្យ​ឃើញ​ពី​គុណវិបត្តិ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​កម្មវិធី​ទាំង​អស់នេះ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​បុគ្គល ក៏​ដូច​ជា​សុវត្ថិភាព​ថ្នាក់ដឹកនាំ​រង​ការ​លួច​ទាញ​យក​ទិន្នន័យ​ជាដើម​។

គួរ​រំឭក​ផង​ដែរ​ថា កម្មវិធី​ដែល​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​បាន​ធ្វើការ​ហាមឃាត់ សុទ្ធសឹងតែ​ជា​កម្មវិធី​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង ដូច​ជា កម្មវិធី TikTok ដែល​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ជា ២០០​លាន​នាក់ និង​កម្មវិធី PUBG ដែល​គេ​ប៉ាន់​ប្រមាណ​ជា ៥០​លាន​នាក់ ដែល​កំពុង​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​នេះ ព្រមទាំង​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន​ទៀត​៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា