បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះបានឲ្យដឹងថា សហរដ្ឋអាមេរិក បានស្នើឲ្យចិនបិទការិយាល័យប៉ាស្ព័រ និងទិដ្ឋាការនៅអគ្គកុងស៊ុលចិន ក្នុងទីក្រុង Houston រដ្ឋតិចសាស។

ការបញ្ជានេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរបាយការណ៍មុននេះ បន្ទាប់ពីគេឃើញមានការដុតឯកសានៅទីធ្លាស្ថានកុងស៊ុលកាលពីយប់ថ្ងៃអង្គារ។

ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន បានថ្លែងឲ្យដឹងថាទីក្រុងប៉េកាំង​ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដែលអាមេរិក ហ៊ានធ្វើបែបនេះ ហើយបានអំពាវនាវឱ្យសហរដ្ឋអាមេរិក ជួយសង្គ្រោះសកម្មភាពនេះឡើងវិញ ខណៈស្នើឱ្យមានវិធានការសងសឹកជាការឆ្លើយតបដូចដែលបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

គួរជម្រាបថា បច្ចុប្បន្ននេះទីក្រុងប៉េកាំង បានប្រតិបត្តិការអគ្គកុងស៊ុលចំនួន៥ នៅសហរដ្ឋអាមេរិក រួមមានការិយាល័យនៅញូវយ៉ក ឈីកាហ្គោ​ សាន់ហ្វ្រាន់ស៊ីស្កូ​​ និងឡូសអេនជែសឡេស ក៏ដូចជាស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីផងដែរ​ ៕