កាលពី​ពេល​ថ្មី​ៗ​នេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei បាន​ប្រឈម​នឹង​ការ​ហាមឃាត់​នៅ​ចក្រភព​អង់គ្លេស​បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​អង់គ្លេស​បាន​ធ្វើការ​សម្រេចចិត្ត​លើ​កិច្ចព្រមព្រៀង​បច្ចេកវិទ្យា 5G ជាមួយ​ក្រុមហ៊ុន Huawei ដោយ​លើក​ឡើង​ពី​កង្វល់​ផ្នែក​សន្តិសុខ ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​តាម​សេចក្តីរាយការណ៍​ទីក្រុង​ឡុ​ង​បាន​ជូនដំណឹង​ដល់ Huawei ថា វិធានការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋបាល​អា​មេ​រិ​ក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អង់គ្លេស ។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Sputnik ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២០ នេះ​។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​បារាំង​លោក Bruno Le Maire នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​ថា ទី​ក្រុងប៉ារីស​នឹង​មិន​ហាមឃាត់​ក្រុមហ៊ុន Huawei មិន​ឱ្យ​វិនិយោគ​នៅ​បារាំង​ទេ​នៅ​ពេល​ដែល​យុទ្ធនាការ​សកល​ធ្វើ​ឡើង​ដោយ​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ក្រុមហ៊ុន​នេះ ។

លោក​បាន​ប្រកាស Bruno Le Maire ថា ៖«​យើង​មិន​ហាមឃាត់​ក្រុមហ៊ុន Huawei មិន​ឱ្យ​វិនិយោគ​លើ​ប្រព័ន្ធ 5G ទេ​ព្រោះ​យើង​មិន​រាប់​បញ្ចូល​ការ​រើសអើង​ប្រឆាំង​នឹង​ប្រតិបត្តិ​ករ​ណាមួយ​ឡើយ​» ។

សហរដ្ឋអាមេរិក​បាន​ដាក់​ក្រុមហ៊ុន Huawei ក្នុង​បញ្ជីខ្មៅ​នៅ​តាំងពី​ខែឧសភា ឆ្នាំ​២០១៩ ជុំវិញ​ការ​ចោទប្រកាន់​ថា​ផ្នែក​រឹង និង​សូ​ហ្វ​វែ​រ​របស់​ក្រុមហ៊ុន​ត្រូវ​បាន​ប្រើ​សម្រាប់​ធ្វើ​ចារកម្ម​ក្នុង​នាម​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​ចិន ដោយ​ជំរុញ​ឱ្យ​ប្រទេស​ដទៃ​ទៀត​អនុវត្ត​តាម និង​ព្រមាន​ថា​ការ​ដាក់​ទណ្ឌកម្ម​អាច​ត្រូវ​បាន​អនុវត្ត​ប្រឆាំង​នឹង​អ្នក​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន​មួយ​នេះ ។ ទាំង​ទីក្រុង​ប៉េ​កាំ​ង និង​ក្រុមហ៊ុន Huawei បាន​ច្រាន​ចោលការ​អះអាង​នេះ ដោយ​បញ្ជាក់​ថា​ចំណាត់ការ​នេះ​គឺជា​រឿង​នយោបាយ​សុទ្ធសាធ ៕

ប្រភព ៖ Sputnik , ដោយ ៖ សំណាង