រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​តុលាការក្រុង​ភ្នំពេញ បាន​ក្រើនរំលឹក​ដល់ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ​ថា កុំ​ឲ្យ​ធ្វើ​សកម្មភាព​ហួស​ព្រំដែន​កំណត់​ពីព្រោះ​លោក​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។

ការ​ក្រើនរំលឹក​បែប​នេះ បន្ទាប់​ពី​ថ្មី​ៗ​កន្លង​មកនេះ ជនជាប់ចោទ​បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន ជា​ពិសេស​នៅ​តាម​បណ្ដា​ខេត្ត បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ការ​ប្រមូលផ្ដុំ ជួបជុំ​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន ក្រោម​រូបភាព​ផ្សេង​ៗ ទៅ​កាន់​ខេត្តសៀមរាប ខេត្ត​ត្បូងឃ្មុំ​ជាដើម​។

ដូច្នេះ​ក្រុមប្រឹក្សា​ជំនុំជម្រះ កត់សម្គាល់​ឃើញ​ថា សកម្មភាព​ទាំង​អស់នេះ អាច​នឹង​ឈាន​ទៅ​ហួស​ព្រំដែន ឬ​នាំ​ទៅ​ដល់ ការ​បំពាន​លើ​កាតព្វកិច្ច នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដែល​តម្រូវ​ដាក់​លើ​ជនជាប់ចោទ ។

នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២០ និង​ចុះហត្ថលេខា​ដោយ​លោក កូយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការក្រុង​ភ្នំពេញ បាន​ប្រាប់​លោក កឹ​ម សុខា តាម​សេចក្តីសម្រេច​ដីកា​របស់​តុលាការ​កន្លង​មក លោក កឹ​ម សុខា​ដែល​ជា​ជន​ត្រូវ​ជាប់ចោទ​ជាប់​កាតព្វកិច្ច​ជាក់លាក់​មួយ​ចំនួន ជា​ពិសេស​មិន​ត្រូវ​សកម្មភាព​នយោបាយ​ឡើយ​ ។

លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្ដាលអធ្រាត្រ កាល​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ នៅ​ឯ​គេហដ្ឋាន​របស់​លោក នៅ​ម្ដុំ​ខណ្ឌទួលគោក​។ តុលាការ​បាន​ចោទប្រកាន់​លោក ថា ក្បត់ជាតិ​និង​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​។ លោក​បាន​ជាប់​ឃុំ​នៅ​មន្ទីរឃុំឃាំង​ត្រពាំង​ថ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​ហើយ​ក្រោយមក​តុលាការ​កែប្រែ​សេចក្តីសម្រេច​ដោយ​អនុញ្ញាត​ឲ្យ​លោក មក​នៅ​ស្នាក់​ក្នុងផ្ទះ របស់​ខ្លួន ដោយ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ជាមួយ​លក្ខខណ្ឌ មួយ​ចំនួន​ដូច​ជា​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ​ជាដើម​នោះ​។

តាម​ចំណុច​២ នៃ​សេចក្ដីសម្រេច នៃ​ដីកា​បញ្ជូន​ទៅ​ជំនុំជម្រះ​លេខ ៦៤០០ «​គ​» ដ​.​ដ ចុះ​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៩ និង​ដីកា​សម្រេច​កែប្រែ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លេខ ៨៨០៤ «​គ​» ដ​.​ព​.​ស ចុះ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បន្ត​ដាក់​ជន​ត្រូវ​ចោទ​ឱ្យ​ជាប់​កាតព្វកិច្ច​ជាក់លាក់​មួយ​ចំនួន ជា​ពិសេស​ហាម​ជន​ត្រូវ​ចោទ​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ​នោះ​ឡើយ​។​

​ដើម្បី​ធានា​បាន​នូវ​ការ​គោរព​ចំពោះ​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ក៏​ដូច​ជា​សន្តិសុខ​ផ្ទាល់ខ្លួន និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ជនជាប់ចោទ​សម្រាប់​សវនាការ​បន្ត នា​ពេល​ខាង​មុខ​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ ធ្វើការ​ក្រើនរំលឹក ជនជាប់ចោទ ត្រូវ​មាន​ស្មារតី​គោរព​ឱ្យ​បាន​ហ្មត់ចត់ ម៉ឺងម៉ាត់ និង​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​កាតព្វកិច្ច​ដែល​តុលាការ បាន​តម្រូវ​ដាក់​លើ ជនជាប់ចោទ ដូច​មាននៅ​ក្នុង​ដីកា​សម្រេច​ខាងលើ​នេះ ហើយ​ដែល​មាន​អានុភាព​រហូត​ដល់​ពេល​សាលក្រម​ត្រូវ​បាន​ប្រកាស​ស្រប តាម​បញ្ញត្តិ​មាត្រា ៣៥២ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ៕