រាជធានី​ភ្នំពេញ ៖ សែន សន្តិភាព គឺជា​ឈ្មោះ​ថ្មី​របស់​លោក ខេ​ម​ប៊ែ​ល ភី​ធឺ ម៉ាក ជនជាតិ​អូ​ស្រា​លី អាយុ​៦៤​ឆ្នាំ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ផ្តល់​ជូន​គាត់ ដែល​មាន​បំណង​ចង់​ក្លាយជា​ជនជាតិ​កម្ពុជា និង​រស់នៅ​កម្ពុជា​រហូត​ដល់​ថ្ងៃ​ស្លាប់ ។

បើ​យោង​តាម​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​លោក ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បង្ហោះ នា​ព្រឹក​ថ្ងៃ​ទី ២០ ខែកក្កដា​នេះ ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​កម្ពុជា បាន​ឡាយព្រះហស្ដលេខា​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ២០២០​នេះ ផ្តល់​សញ្ជាតិ​កម្ពុជា​ជូន​លោក ខេ​ម​ប៊ែ​ល ភី​ធឺ ម៉ាក តាម​សញ្ជាតូបនីយកម្ម ដែល​មានឈ្មោះ​ថា សែន សន្តិភាព ។

លោក ដួង តារា បាន​សរសេរ​នៅ​លើ​ហ្វេ​សបុ​កថា «​សង្ឃឹមថា ចាប់ពី​ពេល​នេះ​ទៅ លោកសន្តិភាព នឹង​បាន​រស់នៅ​មាន​សេចក្តីសុខ ហើយ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ដែល​ជា​ឱកាស​សម្រាប់​ជីវិត​រស់នៅ​ចុង​ក្រោយ​លើ​ទឹកដី​កម្ពុជា​! ខ្ញុំបាទ​សូម​គោរព​អរគុណ​សម្តេច​តេ​ជោ ប្រមុខ​ដឹកនាំ ចំពោះ​ក្តី​មេត្តាករុណា​និង​ក្តី​ស្រឡាញ់​ដ៏​ធំធេង​បំផុត ដែល​សម្តេច​តែងតែមាន​ចំពោះ​ពលរដ្ឋ​ទូទៅ​ដោយ​គ្មាន​ការ​រើសអើង​អ្វី​ឡើយ ។ យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម និង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង​គ្រប់​ទីកន្លែង​» ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​៩ កក្កដា លោក​ដួង តារា បាន​ចូលរួម​សម្របសម្រួល​ផ្សះផ្សា​បញ្ចប់​វិវាទ រ​រវាង​លោក ខាំ​បែ​ល ភី​ថឺ​ម៉ាក Cambell Peter Mark ជនជាតិ​អូស្ត្រាលី ដែល​បាន​មក​ទិញ​ដី ធ្វើ​រមណីយដ្ឋាន នៅ​ខេត្តកំពត និង​អតីត​មិត្ត​ស្រី​គាត់​ឈ្មោះ ត្រា ចាន់​ស្រី​លី​ន ។ លោក​Cambell Peter Mark ទទួល​បាន​ប្រាក់​ដើម​វិនិយោគ​ជាង ៥២​ម៉ឺន​ដុល្លារ​មក​វិញ បូក​នឹង​ប្រាក់​ចំណេញ​មួយ​ចំនួន ដែល​នឹង​ទទួល​បាន​ពី​ការ​លក់​អចល​ទ្រព្យ សង្ឃឹមថា លោក​នឹង​បាន​រស់នៅ​សុខ​សប្បាយ​សម្រាប់​ជីវិត​ចុង​ក្រោយ​ក្នុង​ប្រទេស​កម្ពុជា ។ ចំណែក​ប្អូនស្រី ត្រា ចាន់​ស្រី​លី​ន វិញ​ទទួល​បាន​កាណូត​ទេសចរណ៍​១​គ្រឿង និង​ប្រាក់​ចំណេញ​ពី​ការ​លក់​ដី (​ម្នាក់​ៗ ទទួល​បាន​៥០% អំពី​ប្រាក់​ចំណេញ​លក់​ដី​២​កន្លែង​) ។

លោក Cambell Peter Mark (​សែន សន្តិភាព​) បាន​ជួប​រឿង​អ​យុ​ត្តិ​ធ៌​ម​មួយ ដោយ​បាន​ជឿ​ទុកចិត្ត​ទៅ​លើ​មិត្ត​ស្រី ជា​ជនជាតិ​ខ្មែរ​ម្នាក់ ឲ្យ​ឈរឈ្មោះ​ទិញ​អចលនទ្រព្យ​មួយ​ចំនួន នៅ​ខេត្តកំពត ដើម្បី​ធ្វើ​ជា​រមណីយដ្ឋាន តែ​ចុង​ក្រោយ​មិត្ត​ស្រី​របស់​គាត់ បាន​លក់​ដី​នោះ​អស់ ។ ដោយ​ទទួល​រង​នូវ​ភាព​អ​យុ​ត្តិ​ធ៌​ម បែប​នេះ បុរស​ជនជាតិ​អូស្ត្រាលី​រូប​នេះ បាន​គោរព​សំពះ​ស្នើ​សុំ​ក្តី​សង្គ្រោះ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជួយ​ដោះស្រាយ និង​មេត្តា​ផ្តល់​សញ្ជាតិ​ខ្មែរ​ជូន​គាត់ ដើម្បី​បន្ត​រស់ នៅ​ក្នុង​ជីវិត​ចុង​ក្រោយ ជា​ជនជាតិ​ខ្មែរ និង​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ទិញ​ដូរ​អចលនទ្រព្យ​ដោយ​ស្របច្បាប់ ។

បន្ទាប់​ពី​បាន​ពិនិត្យ​របាយការណ៍​ស្នើ​សុំ​របស់​លោក ដួង តារា រួច​ហើយ សម្តេច​អគ្គមហាសេនា​បេតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សម្រេច​ក្រាប​បង្គំ ទូល​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ នៃ​កម្ពុជា ដើម្បី​ស្នើ​សុំ​ផ្តល់​សញ្ជាតិ​កម្ពុជា ជូន​ដល់​លោក Peter ដែល​មានឈ្មោះ​ខ្មែរ​ថា សែន សន្តិភាព Sen Santepheap ។

លោក សែន សន្តិភាព បាន​រៀបរាប់​ដោយ​ក្តី​រំភើប​ទាំង​ទឹកភ្នែក​រលីងរលោង​ថា​៖« សម្តេច​តេ​ជោ ហ៊ុន សែន គឺ​ពិតជា​ទេវតា​រស់នៅ​លើ​ដី​កម្ពុជា​យ៉ាង​ពិតប្រាកដ​។​សម្តេច​តេ​ជោ​បាន ជប់​រូប​ខ្ញុំ ឲ្យ​ក្លាយជា​ពលរដ្ឋ​ខ្មែរ​ថ្មី​មួយ​រូប​នៅ​កម្ពុជា សម្តេច​មិន​ត្រឹមតែ​ជា​មេដឹកនាំ​ដ៏​ល្អ​នោះ​ទេ តែ​ជា​ប្រមុខ​ការទូត​ដ៏​ឆ្នើម​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​រីក​ចម្រើន​រុងរឿង​ថ្កើងថ្កាន​ទៅ​មុខ​ឥត​ឈប់​ឈរ និង​មាន​ទំនាក់ទំនង​ការទូត​ល្អ​ឥត​ខ្ចោះ​ជាមួយ​ប្រទេស​ជា​មិត្ត​។​សម្តេច​តេ​ជោ​តែងតែមាន​ក្តី​ស្រឡាញ់​និង​គិតគូរ​ពី​សុខទុក្ខ​ប្រជា​ប្រពល​រដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ព្រមទាំង​សុខទុក្ខ​ជនបរទេស​ទាំងអស់​នៅ​កម្ពុជា​ផង​ដែរ​» ៕